ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងកាលពីល្ងាចថ្ងៃអង្គារទី០២ ខែសីហា ឆ្នាំ២០២២នេះថា៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណ:កម្មាធិការអន្តរក្រសួង នៅព្រឹកថ្ងៃអង្គារទី០២សីហានេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ស្តីពីវិធានការបង្កើនប្រសិទ្ធភាពក្នុងការងារទប់ស្កាត់និងបង្រ្កាបអំពើរត់គេចពន្ធ តាមប្រព័ន្ធវីដេអូ Zoom ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន សាលារាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ)។ កិច្ចប្រជុំនេះមានគោលបំណង (១)ផ្សព្វផ្សាយបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ដែលជាបទបញ្ជាថ្មីជំនួសឱ្យបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៥, (២)ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មាធិការអន្តរក្រសួងអនុវត្តបទបញ្ជាលេខ ០១ បបចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២, និង (៣)ពិភាក្សាការអនុវត្តបទបញ្ជាឱ្យទទួលបានប្រសិទ្ធភាព។
ជាកិច្ចចាប់ផ្តើម លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការគាំទ្រដល់ អគរ ដែលនាំឱ្យការងារប្រមូលចំណូលពន្ធនិងអាករ ការងារកិច្ចសម្រួលពាណិជ្ជកម្ម និងការងារទប់ស្កាត់និងបង្រ្កាបអំពើរត់គេចពន្ធនិងបទល្មើសឆ្លងដែននានា ក្នុងរយៈពេលកន្លងមកទទួលបានលទ្ធផល ល្អប្រសើរ។ ចំណូលប្រមូលបានដោយ អគរ បានរួមចំណែកយ៉ាងសំខាន់ធ្វើឱ្យរាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធានាចំណាយ និងដោះស្រាយបាននូវបញ្ហាអាទិភាពនានា ដូចជា ការបើកប្រាក់បៀវត្សជូនមន្ត្រីរាជការបានទាន់ពេលវេលា ការអភិវឌ្ឍសង្គម និងការទប់ស្កាត់និងបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាដើម។ ការងារបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធនិងបទល្មើសឆ្លងដែននានា មិនត្រឹមតែបានពង្រឹងការប្រមូលចំណូលពន្ធនិងអាករប៉ុណ្ណោះទេ ប៉ុន្តែបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការងារការពារសន្តិសុខ សុវត្ថិភាពសង្គម ការលើកកម្ពស់អនុលោមភាពរបស់ធុរជន និងធានានូវបរិយាកាសប្រកួតប្រជែងប្រកបដោយសមធម៌ផងដែរ។
ក្រោយពីបានពិភាក្សានិងទទួលនូវធាតុចូលពីអង្គប្រជុំ លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួង បានផ្តល់ការណែនាំមួយចំនួនសម្រាប់អនុវត្ត ដូចខាងក្រោម៖
1-ស្នើបន្តផ្សព្វផ្សាយនិងណែនាំឱ្យបានស៊ីជម្រៅដល់មន្ត្រីរាជការក្រោមឱវាទ ឱ្យបានជ្រួតជ្រាបនូវខ្លឹមសារ បទបញ្ជានេះ ហើយរួមគ្នាចៀសវាងរាល់អំពើអសកម្ម ទោះដោយអចេតនាក្តី ឬដោយភ័ន្តច្រឡំ ឬដោយ កត្តាផ្សេងទៀតក្តី។ ទាំងអស់គ្នាត្រូវធ្វើជាមន្ត្រីគំរូក្នុងការបម្រើសេវាសាធារណៈ និងត្រូវចូលរួមយ៉ាងសកម្មក្នុងកម្មវិធីកែទម្រង់ស៊ីជម្រៅមុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្ម ក៏ដូចជាសហការលើកកម្ពស់វប្បធម៌ពន្ធ និងការគោរពបទប្បញ្ញត្តិច្បាប់ទាំងឡាយ រួមទាំងការពារសុខភាពសុវត្ថិភាពសាធារណៈ និងសន្តិសុខសង្គមជាតិ។
2-ប្រសិនបើការអនុវត្តការងារជាក់ស្តែងក្នុងផ្នែកណាមួយជួបបញ្ហាប្រទាំងប្រទើស ឬបញ្ហាប្រឈមទាំងក្នុងការប្រមូលចំណូល ការសម្រួលពាណិជ្ជកម្ម និងការប្រឆាំងអំពើរត់គេចពន្ធ, ស្នើក្រសួង-ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ប្រើប្រាស់យន្តការគណៈកម្មាធិការអន្តរក្រសួងអនុវត្តលិខិតបញ្ជាលេខ ០១ បប ដើម្បីសម្របសម្រួលនិងដោះស្រាយបញ្ហា ជាពិសេសតាមរយៈយន្តការតេឡេក្រាម ដែលអង្គប្រជុំបានឯកភាពគ្នាបង្កើតឡើង។
3-សូមលើកទឹកចិត្តឱ្យបន្តចូលរួមគាំទ្រពេញលេញដល់ អគរ ក្នុងការទប់ស្កាត់និងបង្ក្រាបអំពើរត់គេចពន្ធគ្រប់ប្រភេទឱ្យបានទទួលជោគជ័យកាន់តែខ្លាំងក្លាឡើងថែមទៀត ក្នុងគោលដៅជំរុញការប្រមូលចំណូលចូលថវិការដ្ឋ, ការជំរុញឱ្យមានការគោរពច្បាប់កាន់តែប្រសើរ, ការកាត់បន្ថយជាអតិបរមានូវអំពើរត់គេចពន្ធនិងបទល្មើសផ្សេងៗទៀត, ការជំរុញនិងការលើកទឹកចិត្តដល់ការវិនិយោគ, និងការធានាបាននូវបរិយាកាសប្រកួតប្រជែងដោយយុត្តិធម៌នៅលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា។
ជាកិច្ចបញ្ចប់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួង សង្ឃឹមយ៉ាងមុតមាំថា ក្រសួង-ស្ថាប័ន សាលារាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បន្តចូលរួមសហការគ្នាយ៉ាងជិតស្និទ្ធ ផ្តល់ការគាំទ្រយ៉ាងពេញលេញប្រកបដោយការទទួលខុសត្រូវខ្ពស់ ភាតរភាព សាមគ្គីភាពជាមួយ អគរ ក្នុងការអនុវត្តវិធានការចាំបាច់នានា ក្នុងការទប់ស្កាត់អំពើរត់គេចពន្ធឱ្យកាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រទេស និងជាតិយើងទាំងមូល៕
ដោយ៖ស តារា