ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តត្បូងឃ្មុំ ចាត់ឱ្យរដ្ឋបាលស្រុកពញាក្រែក សហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្ត​ ចុះត្រួតពិនិត្យ វាយតម្លៃផលប៉ះពាល់ និងខូចខាតរបស់ប្រជាកសិករ ក្នុងឃុំដូនតី មានប្រជាកសិកររងគ្រោះចំនួន ៧៥២គ្រួសារ

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​៖​ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោក វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹក​ថ្ងៃ​ពុធ​ទី​០៣​ ខែសីហា​ ឆ្នាំ​២០២២នេះ​ បានអញ្ជើញជាអធិបតីក្នុងពិធី ផ្តល់គ្រាប់ស្រូវពូជជាង៥៦តោនដោយឥតគិតថ្លៃរបស់សម្តេចតេជោ ហ៊ុនសែន ដល់កសិករគោលដៅចំនួន៧៥២គ្រួសារដែលខូចខាតដំណាំស្រូវលើផ្ទៃដីប្រមាណ៥៤២ហិចតា ដោយទឹកជំនន់ឆាំ្ន២០២២ ដើម្បីស្តារឡើងវិញ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

សូមជម្រាបថា៖ ដោយក្នុងរដូវវស្សាឆ្នាំនេះ មានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ចាប់តាំងពីដើមខែឧសភាមក រួមផ្សំ ទឹកហូរពីផ្នែកខាងលើផង បានបណ្ដាលឱ្យស្រូវពង្រារបស់ប្រជាកសិករមួយចំនួនដែលទើបធ្វើការ ដាំដុះ បានរងនូវការជន់លិចខូចខាតទាំងស្រុងជាច្រើនលើកច្រើនសារ រួមជាមួយផលប៉ះពាល់នៃវិបត្តិ ជំងឺកូវីដ-១៩ បណ្តាលឱ្យប្រជាកសិករមានការខ្វះខាតពូជស្រូវយ៉ាងខ្លាំង សម្រាប់បង្កបង្កើនផលនៅ ពេលទឹកបានស្រុកទៅវិញ ។ 

ឆ្លើយតបករណីនេះ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានចាត់ឲ្យរដ្ឋបាលស្រុកពញាក្រែក សហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះត្រួតពិនិត្យ វាយតម្លៃផលប៉ះពាល់ និងខូចខាតរបស់ប្រជាកសិករ ឃើញថាក្នុងឃុំដូនតី មានប្រជាកសិកររងគ្រោះ ចំនួន ៧៥២ គ្រួសារ លើផ្ទៃសរុប ៥៤២.៥៨ ហិកតា ត្រូវការគ្រាប់ពូជសរុបចំនួន ៥៦,៥៥០ គីឡូ ក្រាម ដើម្បីរាយការណ៍ និងស្នើសុំទៅគណៈកម្មាធិការគ្រប់គ្រងស្បៀងបម្រុងកម្ពុជា ហើយក៏ទទួល បាននូវគាំទ្រ និងនាំយកគ្រាប់ស្រូវពូជមកចែកជូនបងប្អូនប្រជាកសិករដោយឥតគិតថ្លៃនាថ្ងៃនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

ដោយ​៖សហការី​


ចែករំលែក៖