ភ្នំពេញ ៖ ក្រុមប្រឹក្សាខណ្ឌចំការមន នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់អាណត្តិទី៣ ឆ្នាំ២០២២ ក្រោមវត្តមានលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដោយមានការចូលរួមពីលោក-លោកស្រីសមាជិក-សមាជិកក្រុមប្រឹក្សាខណ្ឌ, លោកអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោកអធិការរងនគរបាលខណ្ឌ, លោកប្រធានយោធាភូមិភាគពិសេសប្រចាំខណ្ឌ, លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ-អង្គភាពចំណុះរដ្ឋបាលខណ្ឌទាំង១២, លោកប្រធានផ្សារទាំង០២, លោក-លោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់-ប៉ុស្ដិ៍នគរបាលសង្កាត់-ស្មៀន-ប្រធានភូមិ-ប្រជាពលរដ្ឋសង្កាត់ទាំង០៥ និងមន្ត្រីពាក់ព័ន្ធ។
លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន បានលើកឡើងថា ក្រុមប្រឹក្សាមានតួនាទី ចាត់ចែងកិច្ចការចាំបាច់នានា ដើម្បីសម្រេចនូវគោលបំណង ក្នុងការបង្កើនការជំរុញ និងការធ្វើឲ្យមានចីរភាពដល់ការអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ ព្រមទាំងដើម្បីបំពេញមុខងារភារកិច្ច ដែលបានធ្វើប្រតិភូកម្មតាមច្បាប់។ ក្នុងឆ្នាំទី៣ នៃអណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌចំការមន ក្រុមប្រឹក្សាខណ្ឌ បានអនុវត្តមុខងារជាកាតព្វកិច្ចរបស់ខ្លួនស្របតាមច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងគោលការណ៍ណែនាំនានារបស់គណៈ កម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងក្រសួងមហាផ្ទៃ។ ការធ្វើវេទិកានេះ គឺជាការផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋមូលដ្ឋាន និងតំណាងរបស់ខ្លួនបានជួបគ្នា ដើម្បីប្រជាពលរដ្ឋបាលបង្ហាញអំពីចំណាប់អារម្មណ៍ ក៏ដូចជាបញ្ហាប្រឈមនានា ដែលកើតមាននៅមូលដ្ឋាន ភូមិ សង្កាត់របស់ខ្លួន។ កម្មវិធីថ្ងៃនេះ ក៏ជាពេលវេលាមួយដែលអាចធ្វើឲ្យពួកគាត់បានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក រវាងរដ្ឋបាលខណ្ឌជាមួយរដ្ឋបាលសង្កាត់ ប្រជាពលរដ្ឋ តំណាងដៃគូអភិវឌឍនានា និងក្រុមប្រឹក្សាប្រភេទផ្សេងគ្នា ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ និងផ្តល់ប្រឹក្សា អំពីអាទិភាពនៃការអភិវឌ្ឍន៍ខណ្ឌប្រកបដោយចីរភាព និងប្រសិទ្ឋិភាព។
លោក ព្រុំ សំខាន់ បានបន្តទៀតថា ការរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ គឺជាការបង្ហាញអំពីគណនេយ្យភាព របស់ក្រុមប្រឹក្សាខណ្ឌ និងប្រជាពលរដ្ឋជាងនេះទៅទៀត ក៏ជាឱកាសឲ្យក្រុមប្រឹក្សាសង្កាត់ ប្រជាពលរដ្ឋ និង អ្នកពាក់ព័ន្ធទាំងអស់បានដឹង នូវសមិទ្ធិផលនៃកិច្ចខិតខំប្រឹងប្រែងអនុវត្តតួនាទីរបស់ក្រុមប្រឹក្សាខណ្ឌក្នុងឆ្នាំ២០១៩នេះ ។ វេទិការនេះ ក៏បានបង្ហាញផងដែរ នូវតួនាទី និងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សា និងគណៈអភិបាលខណ្ឌ ដើម្បីឆ្លុះបញ្ចាំងនូវការឆ្លើយតបរវាងការិយាល័យជំនាញ អង្គភាពជុំវិញខណ្ឌ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ បងប្អូនអាចមានឱកាសក្នុងការសាកសួរ ពីសមិទ្ធិផល បញ្ហាប្រឈម និងផែនការសកម្មភាព សំរាប់អនុវត្តឆ្នាំខាងមុខ របស់រដ្ឋបាលខណ្ឌ ជាពិសេសគឺផលប៉ះពាល់ទៅលើការងារប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋមូលដ្ឋាន ។ វេទិការនេះក៏មានពេលវេលាសំរាប់ផ្តល់ឱកាសដល់ក្រុមប្រឹក្សាសង្កាត់ ប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ លើកជាសំណួរ យកមកពិភាក្សាក្រោមប្រធានបទ ៖ ការងារសន្តិសុខ សណ្តាប់ធ្នាប់សារធាណៈ ការផ្តល់សេវាសាធារណៈ នុងការងារអភិវឌ្ឍន៍មូលដ្ឋាន និងបរិស្ថាន ផងដែរ ។
ក្នុងឱកាសបើកវេទិកានេះ ប្រជាពលរដ្ឋបានលើកឡើងពីបញ្ហាប្រឈម និងក្តីកង្វល់របស់គាត់ ក្នុងនោះ មានទាំងសំណួរផ្ទាល់មាត់ ចំនួន ១៣នាក់ និងសំណួរ តាមរយ:លិខិតដាក់ក្នុងប្រអប់សំបុត្រចំនួន ២១នាក់ ។
សំណួរ សំណើរ និងសំណូមពរ ដែលប្រជាជនបានលើកឡើង ក្នុងពេលនេះ គឺពួកគាត់ផ្តោតសំខាន់លើ ការងារសន្តិសុខ សុវត្ថិភាព ផ្ទាល់ខ្លួន បញ្ហាអភិវឌ្ឍន៍មូលដ្ឋាន បញ្ហាស្ថាបនា-ជួសជុលផ្លូវ ដាក់ប្រព័ន្ឋលូមេ, ដាក់បង្គោលភ្លើងបំភ្លឺផ្លូវ, បញ្ហាគ្រឿងញៀន, ចោរកម្ម, ជាពិសេសបញ្ហាផ្សេងៗ ។
ពាក់ព័ន្ឋនឹងការលើកឡើងរបស់ប្រជាជនខាងលើនេះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន លោកទទួលយកសំណើរមកពិភាក្សាដោះស្រាយជូនប្រជាជនអោយខាងតែបាន បើបញ្ហាណាថ្នាក់ខណ្ឌដោះស្រាយមិនបាន លោកនឹងបញ្ជូនទៅថ្នាក់រាជធានី និងដាក់ជូនក្រុមការងារថ្នាក់ជាតិដោះស្រាយបន្ត ហើយលោកអភិបាលខណ្ឌ ក៏បានជំរុញដល់ចៅសង្កាត់ និងអាជ្ញាធរពាក់ព័ន្ឋ ត្រូវបង្កើនការយកចិត្តទុកដាក់ ពេលធ្វើអ្វីៗដើម្បីបម្រើប្រជាជន បម្រើដោយស្មោះត្រង់ ចៀសវាងពួកគាត់ ធ្វើការរិះគន់មកលើអាជ្ញាធរ ថាអសកម្ម និងមិនដោះស្រាយជូនពួកគាត់ ។ ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានប្តេជ្ញាចិត្តលុបបំបាត់ នូវរាល់ភាពអសកម្មរបស់មន្ត្រីមូលដ្ឋាន ជាពិសេសករណីសេវាសាធារណ: តាមរយ:ច្រកចេញចូលតែមួយ ដោយលោកអភិបាលខណ្ឌ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមកទទួលសេវាសាធារណ:ដោយខ្លួនឯង កុំពឹងលើអ្នករត់ការ ។
លោក ថេង សុថុល អភិបាលខណ្ឌចំការមន ក៏បានអះអាងនៅចំពោះមុខប្រជាពលរដ្ឋថា លោកខិតខំ អស់ពីកម្លាំងកាយចិត្ត ក្នុងការដោះបញ្ហាទាំងឡាយ នៅតាមសង្កាត់ទាំងអស់ ៕
ដោយ ៖ ជីណា