ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងកិច្ចប្រជុំ, គឺអាស៊ានបង្ហាញការព្រួយបារម្ភចំពោះភាពផុយ ស្រួយនៃស្ថានការណ៍តំបន់និងអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ៖ សូមបញ្ជាក់ជូនថា, ក្នុងកិច្ចប្រជុំ គឺរដ្ឋមន្ត្រីការបរទេសអាស៊ានបង្ហាញការព្រួយបារម្ភពីស្ថានភាពផុយស្រួយនៃស្ថានការណ៍តំបន់និងអន្តរជាតិ ជាពិសេសការវិវឌ្ឍថ្មីៗ នៅក្បែរតំបន់ដែលអាចបង្កអស្ថិរភាពហើយអាចនឹងនាំឱ្យមានការគណនាខុស ការប្រឈមមុខដាក់គ្នាធ្ងន់ធ្ងរ ជម្លោះដោយចំហរ និងផលវិបាកដែលមិនអាចព្យាករណ៍បាន ក្នុងចំណោមមហាអំណាច។

តាមរយៈនេះ អាស៊ានបានអំពាវនាវឱ្យមានការអត់ធ្មត់ឱ្យបានខ្ពស់បំផុតចៀសវាងសកម្មភាពញុះញ៉ុង ហើយប្រកាន់ខ្ជាប់គោលការណ៍នានា ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។

រដ្ឋមន្ត្រីអាស៊ានបានលើកឡើងថា៖ «យើងរំលឹកឡើងវិញពីការគាំទ្ររបស់ប្រទេសសមាជិកអាស៊ាន ចំពោះគោលនយោបាយចិនតែមួយដែលដាក់ចេញដោយប្រទេសនីមួយៗ»។

សូមជម្រាបជូនថា, បន្ថែមលើនេះអាស៊ានក៏បញ្ជាក់បន្ថែមថា ពិភពលោកត្រូវការយ៉ាងខ្លាំងនូវភាពឈ្លាសវៃនិងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំទាំងអស់ក្នុងការប្រកាន់ខ្ជាប់ពហុភាគីនិយម និងភាពជាដៃគូ កិច្ចសហប្រតិបត្តិការ សន្តិសហវិជ្ជមាន និងការប្រកួតប្រជែងត្រឹមត្រូវ សម្រាប់គោលដៅរួមរបស់យើងគឺសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។

គួរបញ្ជាក់ថា, រដ្ឋមន្ត្រីអាស៊ានថា អាស៊ានត្រៀមខ្លួនជាស្រេចក្នុងការដើរតួនាទីប្រកបដោយស្ថាបនាក្នុងការសម្របសម្រួលការសន្ទនាដោយសន្តិវិធីរវាងគ្រប់ភាគី រួមទាំងតាមរយៈការប្រើប្រាស់យន្តការដែលដឹកនាំដោយអាស៊ាន ដើម្បីបន្ធូរបន្ថយភាពតានតឹង ការពារសន្តិភាព សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់៕ 

ដោយ : សិលា


ចែករំលែក៖