ភ្នំពេញ ៖ ព្រឹកថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២២ វេលាម៉ោង ៨ព្រឹក នៅវិមានព្រឹទ្ធសភា, ព្រឹទ្ធសភា បានបន្តបើកសម័យប្រជុំព្រឹទ្ធសភា លើកទី៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈ៖
១. ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំព្រឹទ្ធសភា លើកទី៨ និងលើកទី៩ នីតិកាលទី៤។
២.ពិនិត្យ ហើយអោយយោបល់លើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញ បន្ថែមសំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ។
៣. ពិនិត្យ ហើយអោយយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។
៤. ពិនិត្យ ហើយអោយយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖
១.) កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ
២.) កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋតួកគី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្កាតការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
៥. ពិនិត្យ ហើយអោយយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម អោយព្រះរាជាណាចក្រកម្ពុជា ចូលជាភាគី នៃអនុសញ្ញា ស្តីពីជំនួយក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្ម។
របៀបវារៈទី១៖ ក្នុងកំឡុងពេលចន្លោះសម័យប្រជុំព្រឹទ្ធសភា ថ្នាក់ដឹកនាំគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មការ ក្រុមភូមិភាគនានា ក្រុមសមាជិកាព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា បានរួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួន ហើយសម្រេចបានលទ្ធផលផ្លែផ្កាជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ។
សកម្មភាពលេចធ្លោ គឺការយកចិត្តទុកដាក់ធ្វើសកម្មភាពឆ្ពោះទៅកាន់មូលដ្ឋាន តាមរយៈការចូលរួមយុទ្ធនាប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃជំងឺកូវីដ១៩ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភា ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដោះស្រាយសំណូមពរ និងបញ្ហាប្រឈមនានា ព្រមទាំងការចូលរួមចំណែកដល់ការអភិវឌ្ឍលើគ្រប់វិស័យនៅថ្នាក់ក្រោមជាតិ។
គណៈកម្មការទាំង១០ និងក្រុមនានា ដែលជាសេនាធិការរបស់ព្រឹទ្ធសភា បានចុះជួបពិភាក្សាការងារជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីសិក្សាឈ្វេងយល់អំពីវឌ្ឍនភាពការងារតាមវិស័យព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរមានសមត្ថិកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេសជាមួយសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណតិទី៥ ដែលទើបបានជាប់ឆ្នោតនាពេលថ្មីៗនេះ។
ព្រឹទ្ធសភា សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏ថ្លៃថ្លាពីគ្រប់មជ្ឈដ្ឋាន ដៃគូនានា និងគ្រប់ស្ថាប័នជាតិ ដែលញ៉ាំងអោយព្រឹទ្ធសភាដំណើរការទៅមុខដោយរលូន។
របៀបវារៈទី២៖ តំណាងរាជរដ្ឋាភិបាល ដែលដឹកនាំដោយ លោកប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី អមដោយថ្នាក់ដឹកនាំ មន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញ នៃក្រសួងយុត្តិធម៌ ចំនួន០៨រូប អញ្ជើញចូលរួមការពារសេចក្តីព្រាងធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញ បន្ថែមសំដៅធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ។
បន្ទាប់ពីបានស្តាប់ប្រធានគណៈកម្មការរាយការណ៍អំពីលទ្ធផលនៃការពិនិត្យសិក្សា លើសេចក្តីព្រាងច្បាប់ និងស្តាប់មតិពិភាក្សាផ្តល់យោបល់របស់សមាជិក សមាជិកា អង្គប្រជុំ និងមតិបំភ្លឺរបស់តំណាងរាជរដ្ឋាភិបាលរួចមក អង្គប្រជុំបានអនុម័តយល់ព្រម ដោយឥតកែប្រែលើខ្លឹម សារទាំងមូល នៃសេចក្តីព្រាងច្បាប់ ដោយសំឡេង៥៧ នៃសមាជិកព្រឹទ្ធសភាទាំងមូល៕
ដោយ៖ សូរិយា