ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអ្នកជំនាញការខ្មែរនៃអាជ្ញាធរជាតិសំបូរព្រៃគុក បានបញ្ចប់ការស្រាវជ្រាវ ធ្វើកំណាយនៅក្រុមប្រាសាទខ្នាចទោល ក្នុងកំពែងក្រុងបុរាណឦសានបុរៈភាគខាងជើង នៃរមណីយដ្ឋានសំបូរព្រៃគុក

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់អោយដឹងថា, ក្រុមអ្នកជំនាញការខ្មែរនៃអាជ្ញាធរជាតិសំបូរព្រៃគុក បានបញ្ចប់ការស្រាវជ្រាវ ធ្វើកំណាយនៅក្រុមប្រាសាទខ្នាចទោល ក្នុងកំពែងក្រុងបុរាណឦសានបុរៈភាគខាងជើង នៃរមណីយដ្ឋានសំបូរព្រៃគុក។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបន្តថា, ក្រុមអ្នកជំនាញការខ្មែរ នៃនាយកដ្ឋាន បុរាណវិទ្យានិងអភិរក្ស នៃអាជ្ញាធរជាតិសំបូរព្រៃគុក  (អ.ជ.ស.ព.) បានបញ្ចប់ការការជួសជុល កំណាយស្រាវជ្រាវក្រុមប្រាសាទខ្នាចទោល (M.103) បន្ទាប់ពី ចាប់អនុវត្តគម្រោងកាលពីខែមិនា ឆ្នាំ២០២២នេះកន្លែងទៅនេះ ដោយថវិការជាតិ ឆ្នាំ២០២២។ ក្រុមប្រាង្គប្រាសាទនេះ ស្ថាបនាជាប់ពីខាងត្បូង បឹងខ្នាចទោល ជាប្រាសាទមួយដែលមានទំនាក់ទំនង សំខាន់ជាមួយនឹងស្លាកស្លាមផ្លូវ(?)ខាងជើងប៉្របមាត់បឹងខ្នាចទោលរបស់រាជធានី។  កិច្ចការនេះផ្តោត សំខាន់ចំនួន០២៖ 

ទី១. ការសិក្សាស្រាវជ្រាវ ផ្តោតលើរូបរាងនៃប្រាង្គទី១ ប្រាង្គទី២ និងទំហំរូបរាងនៃក្រុមប្រាសាទព្រមទាំងការកំណត់ដំណាក់កាលសាងសង់ តាមរយៈការធ្វើ កំណាយ។ 

ទី២. ការលើកតម្លៃ ផ្តោតលើកការរក្សានូវតុល្យភាពនៃស្ថានភាពអភិរក្សរបស់ប្រាង្គប្រាសាទដែលជាលទ្ធផលពីកំណាយ និងបង្ហាញរូបរាងដើមរបស់ប្រាសាទ ដើម្បីជាគុណប្រយោជន៍ដល់ការយល់ដឹងអំពីស្ថាបត្យកម្ម នគរោបនីយកម្ម និងទេសភាពបុរាណក្នុងបរិវេណកំពែងរាជធានីឦសានបុរៈ ជាមួយការពង្រីកនិងកែលម្អខ្សែទស្សនាចរណ៍ថ្មីស្របតាមផែនការមេនៃកិច្ចអភិរក្សនិងអភិវឌ្ឍន៍ របស់ អ.ជ.ស.ព.។ 

ជាលទ្ធផលពីកំណាយ បានបង្ហាញរូបរាងដើមរបស់ប្រាសាទ ដែលបានកប់ក្នុងដី ដើម្បីជាគុណប្រយោជន៍ដល់ការយល់ដឹងអំពីស្ថាបត្យកម្ម នគរោបនីយកម្ម និងទេសភាពបុរាណក្នុងបរិវេណ កំពែងរាជធានីឦសានបុរៈ ជាមួយការពង្រីកនិងកែលម្អខ្សែទស្សនាចរណ៍ថ្មីស្របតាមផែនការមេនៃកិច្ចអភិរក្សនិងអភិវឌ្ឍន៍ របស់អ.ជ.ស.ព.៕

ដោយ ៖ សហការី


ចែករំលែក៖