ខេត្តកំពង់ឆ្នាំង៖ បើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី០៦ ខែសីហា ឆ្នាំ២០២២នេះថា៖ កម្លាំងនគរបាលស្រុកកំពង់លែង កាលពីថ្ងៃទី០៥ ខែសីហាម្សិលមិញនេះ បានសហការជាមួយ កម្លាំងខណ្ឌរដ្ឋបាលជលផលខេត្ត សហគមន៍នេសាទ និងកម្លាំងប្រជាការពារ ចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចឃុំសំរោងសែន ឃុំប្រឡាយមាស ។
ក្នុងកិច្ចប្រតិបត្តិការខាងលើ ជាលទ្ធផលកម្លាំងជំនាញបង្ក្រាប និងដកហូតបាន៖ របាំងសាច់អួន ចំនួន០៩កន្លែង ប្រវែង៥៩៥ម៉ែត្រ, លបលូសាច់អួន ចំនួន១២គ្រឿង, បង្គោល ចំនួន ២៧២ដើម, ចាក់ប្រលែងកូនត្រីចម្រុះ ចំនួន ១៥គីឡូក្រាម។
ក្រោយពេលបង្ក្រាបសម្ភារៈល្មើសខាងលើនេះ ត្រូវបានក្រុមការងារសម្រេចដុតបំផ្លាញចោលនៅកន្លែងតែម្តង។ ចំពោះមុខសញ្ញាដែលជាម្ចាស់ទីតាំងប្រព្រឹត្តអំពើល្មើសច្បាប់នេះ សមត្ថកិច្ចនគរបាលកំពុងធ្វើការស្រាវជ្រាវសាវតាជាតិ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត អនុវត្តតាមច្បាប់ ៕
ដោយ៖សហការី