ព័ត៌មានទាន់ហេតុការណ៍៖

រឿងព្រេងទាក់ទងនឹងទំនៀមពូនភ្នំស្រូវ

ចែករំលែក៖

ពិធី​ពូន​ភ្នំ​ស្រូវ គេ​ច្រើន​ធ្វើ​នៅ​ខែ​មាឃ-ផល្គុន ឬ ដើម​ខែ​ចែត្រ គឺ​នៅ​ពេល​ផុត​រដូវ​ច្រូត​កាត់ ។ អ្នក​ស្រុក នាំ​គ្នា​ធ្វើ​ពិធី​នេះ​ឡើង ដើម្បី​ផ្គត់​ផ្គង់​គ្រឿង​បម្រុង​ចតុប្បច្ច័យ​សម្រាប់​ព្រះ​សង្ឃ គឺ​គេ​នាំ​គ្នា​ចំណាយ​ផល​ដែល​ធ្វើ​បាន​នោះ ម្នាក់​បន្តិច​ៗ ប្រមូល​គ្នា​យក​ទី​វេរ​ចំពោះ​ព្រះ​សង្ឃ ។

   ពិធី​ពូន​ភ្នំ​ស្រូវ​នេះ គេ​ច្រើន​តែ​និយម​ធ្វើ​នៅ​ក្នុង​វត្ត ខាង​មុខ​ព្រះ​វិហារ ។ ពេល​ខ្លះ គេ​ធ្វើ ៣ ថ្ងៃ, ពេល​ខ្លះ​ធ្វើ ៧ ថ្ងៃ តាម​កាលៈទេសៈ និង​សទ្ធា​ជ្រះ​ថ្លា​របស់​អ្នក​ស្រុក ។ កាល​ណា​ចប់​ហើយ អាចារ្យ​ជា​អធិបតី ក្នុង​កិច្ចការ​វត្ត ក៏​ចាប់​ឲ្យ​ឧបាសក-សិកា​នាំ​គ្នា​ដឹក​ជញ្ជូន​ស្រូវ ដែល​ពូន​ជា​ភ្នំ​នោះ យក​ទៅ​ដាក់​ឃ្លាំង​វត្ត ។ បុណ្យ​ពូន​ភ្នំ​ស្រូវ​នេះ ចាប់​តាំង​ពី​ថ្ងៃ ១ រោច ខែ​ចែត្រ​ទៅ មិន​ដែល​ឃើញ​មាន​ធ្វើ​ទេ ។

   មាន​សាស្ត្រា​ល្បែង “ស្លឹក​រឹត” មួយ និយាយ​អំពី​នាង​នក់ និង កឡុក​បណ្ឌិត្យ ដែល​ទាក់​ទង​នឹង​ពិធី​ពូន​ភ្នំ​ស្រូវ មាន​សេចក្ដី​សង្ខេប​ដូច​តទៅ ៖

កាល​ដែល​កន្លង​ទៅ​ហើយ មាន​បុរស​ម្នាក់​ឈ្មោះ​កឡុក​បណ្ឌិត និង​ស្ត្រី​ម្នាក់​ឈ្មោះ​នាង​នក់ នៅ​ក្នុង​ភូមិ​ជា​មួយ​គ្នា ។ កាល​នៅ​វ័យ​ក្មេង​នៅ​ឡើយ អ្នក​ទាំង​ពីរ​នាក់​នេះ តែង​លេង​ជា​មួយ​គ្នា​ជា​ធម្មតា ។ ថ្ងៃ​មួយ អ្នក​ទាំង​ពីរ​នាក់ ក៏​នឹក​ភ្នក​និយាយ​អំពី​អនាគត និង​បំណង​របស់​ខ្លួន ។

កឡុក​បណ្ឌិត​និយាយ​ថា “នែ​នាង​នក់ ! អញ បើ​នឹង​យក​ប្រពន្ធ​ទាល់​តែ​ស្រី​នោះ ចេះ​គោរព​អញ តាម​ករណី​កិច្ច​ជា​ភរិយា ហើយ​បើ​កាល​ណា​អញ​ទៅ​ងូត​ទឹក​កំពង់, ស្រី​នោះ ត្រូវ​កាន់​សំពត់​ងូត​តាម​ទៅ​ឲ្យ​អញ​ដល់​កំពង់ ទើប​អញ​យក​ធ្វើ​ជា​ប្រពន្ធ” ។

   នាង​នក់ ក៏​ឆ្លើយ​តប​ទៅ​វិញ​ថា “បង​អើយ ! ខ្ញុំ​ក៏​មាន​ចិត្ត​គិត​ដូច​បង​ដែរ, បើ​បុរស​ណា​កាន់​សំពត់​ងូត​ខ្ញុំ​ទៅ​ដល់​កំពង់​ទឹក ហើយ​បម្រើ​ខ្ញុំ​គ្រប់​បែប​យ៉ាង ទើប​ខ្ញុំ​យក​ធ្វើ​ជា​ប្ដី” ។

   រំលង​ពី​នោះ​បន្តិច​មក កឡុក​បណ្ឌិត ក៏​ដល់​អាយុ​ចូល​បួស​ក្នុង​ព្រះ​ពុទ្ធ​សាសនា ។ លុះ​ចាក​សិក្ខា​បទ​មក​វិញ នាង​នក់​នោះ ក៏​មិន​ទាន់​មាន​ប្ដី, ម្ដាយ​ឪពុក​កឡុក​បណ្ឌិត ក៏​ទៅ​ស្ដី​ដណ្ដឹង​នាង​មក​ធ្វើ​ជា​ប្រពន្ធ​កូន​ខ្លួន ឲ្យ​បាន​នៅ​រួម​សុខ​ទុក្ខ​ជា​មួយ​គ្នា​តទៅ ។ កឡុក​បណ្ឌិត ស្រឡាញ់​ថ្នម​ប្រពន្ធ​ណាស់ មិន​ដែល​ឲ្យ​សៅហ្មង​អ្វី​ឡើយ ។ នាង​នក់ ក៏​បម្រើ​ប្ដី​តាម​ករណី​កិច្ច​របស់​ខ្លួន​ដែរ ។

   ថ្ងៃ​មួយ ប្ដី​ប្រពន្ធ​នាំ​គ្នា​ទៅ​ងូត​ទឹក ។ នាង​នក់​នឹក​ឃើញ​ពាក្យ​ដែល​ខ្លួន​បាន​និយាយ​លេង​នឹង​គ្នា​កាល​ពី​ក្មេង លុះ​ងូត​រួច ក៏​ឡើង​ត្រឡប់​ទៅ​ផ្ទះ​មិន​ប្ដី ធ្វើ​ជា​ភ្លេច​ក្រមា ។ កឡុក​បណ្ឌិត ឃើញ​ប្រពន្ធ​ភ្លេច​ក្រមា​ងូត​ទឹក ខំ​ស្រែក​ប្រាប់ ។ នាង​នក់​ប្រាប់​ទៅ​វិញ​ថា “បង​កាន់​យក​មក​ឲ្យ​ខ្ញុំ​ផង !” ។

កឡុក​បណ្ឌិត ក៏​កាន់​យក​ក្រមា​ងូត​ទឹក​របស់​ប្រពន្ធ​ទៅ​ផ្ទះ ។ ទៅ​ដល់​ផ្ទះ​ហើយ នាង​នក​រៀប​បាយ​ទឹក​ជូន​ប្ដី​បរិភោគ​រួច​ស្រេច, ពេល​ចូល​ដំណេក សំណេះ​សំណាល​ពី​នេះ​ពី​នោះ នាង​នក ក៏​និយាយ​ចំអន់​ប្ដី​លេង​ថា “នែ​បង ! បង​ភ្លេច​ហើយ​ឬ​នៅ ? កាល​យើង​នៅ​ពី​ក្មេង​ទាំង​អស់​គ្នា ខ្ញុំ​បាន​និយាយ​នឹង​បង​ថា “បើ​ខ្ញុំ​យក​ប្ដី ទាល់​តែ​ប្ដី​នោះ​បម្រើ ហើយ​កាន់​ក្រមា​ងូត​ទឹក​ឲ្យ​ខ្ញុំ ទើប​ខ្ញុំ​យក​ជា​ប្ដី ឥឡូវ​នេះ ខ្ញុំ​បាន​ប្ដី​កាន់​ក្រមា​ងូត​ទឹក​ឲ្យ​មែន សម​តាម​បំណង​របស់​ខ្ញុំ​ហើយ” ។ កឡុក​បណ្ឌិត ស្ដាប់​ប្រពន្ធ​និយាយ​ដូច្នោះ នឹក​ឃើញ​រឿង​ដើម ក៏​កើត​សេចក្ដី​ខ្មាស​អៀន​នឹង​ពាក្យ​ប្រពន្ធ នឹក​ក្នុង​ចិត្ត​ថា “មិន​គួរ​ចាញ់​ប្រៀប​មនុស្ស​ស្រី​សោះ” ។ ហើយ​ក៏​ឈប់​និយាយ​លេង​តទៅ​ទៀត ។ ប្រពន្ធ​មិន​ដឹង​ជា​ប្ដី​អន់​ចិត្ត​នឹង​សម្ដី​ខ្លួន ក៏​និទ្រា​លក់​ទៅ ។ កឡុក​បណ្ឌិត ក៏​លប​លួច​យក​សំពៅ​មួយ ធ្វើ​ដំណើរ​រត់​ចេញ​ទាំង​យប់ ។ លុះ​ព្រឹក​ឡើង ទៅ​ដល់​នគរ​មួយ ដែល​មាន​ស្ដេច​សោយ​រាជ្យ​មាន​នាម​ថា “ស្ដេច​បំផ្លាញ​ឈ្មួញ” ។ លុះ​ដឹង​ថា​មាន​សំពៅ​មួយ​មក​ចត​នៅ​តំបន់​ខ្លួន ស្ដេច​នោះ​ត្រេក​អរ​ណាស់ ទើប​ប្រើ​សេនា​រៀប​ភោជនាហារ ជប់លៀង​កឡុក​បណ្ឌិត​ជា​នាយ​សំពៅ ដោយ​ចាត់​ឲ្យ​មាន​មនុស្ស​បម្រើ​ពុំ​មាន​ខ្ចោះ ។ ទ្រង់​សំណេះ​សំណាល​រាក់​ទាក់​នឹង​នាយ​សំពៅ ហើយ​ឃាត់​ឲ្យ​នាយ​សំពៅ​នៅ​កម្សាន្ត​បាន​ពីរ-បី​ថ្ងៃ​សិន ។ នៅ​ពេល​ដែល​កឡុក​បណ្ឌិត​កំពុង​តែ​បរិភោគ​អាហារ ស្ដេច​បំផ្លាញ​ឈ្មួញ​នោះ ក៏​ចាត់​បម្រើ​ឲ្យ​យក​អណ្ដើក​មាស​មួយ​ទៅ​លាក់​ក្នុង​សំពៅ ។

   ពីរ​បី​ថ្ងៃ​ក្រោយ​មក កឡុក​បណ្ឌិត ក៏​ឡើង​ទៅ​ក្រាប​បង្គំ​លា​ស្ដេច​ចេញ​ដំណើរ​ទៅ​ទៀត ។ ស្ដេច​នោះ ស្រាប់​តែ​ចោទ​ប្រកាន់​កឡុក​បណ្ឌិត​ថា “នែ​មាណព ! យើង​រាប់​អាន​ស្រឡាញ់​ឯង ឃាត់​ឯង​ឲ្យ​នៅ​កម្សាន្ត​បាន​ពីរ​បី​ថ្ងៃ មិន​គួរ​ឯង​មាន​គំនិត​អាក្រក់ មក​លួច​ទ្រព្យ​សម្បត្តិ​ដែល​ជា​កេរ​មត៌ក​យើង​ទៅ​សោះ !” ។ ឯង​ចេញ​ទៅ​មិន​ទាន់​បាន​ទេ ចាំ​យើង​រើ​រក​មើល​ទ្រព្យ​យើង​សិន !” ។

លុះ​ធ្វើ​ស្រេច​ហើយ សារិកា ក៏​ចូល​ទៅ​នៅ​សម្ងំ​ចាំ លុះ​ឃើញ​សាមណេរ​មួយ​អង្គ​ចូល​ទៅ​ទន្ទេញ​ធម៌​នៅ​ក្នុង​ព្រះ​វិហារ​នោះ វា​ក៏​បញ្ចេញ​សំឡេង​ក្លែង​ធ្វើ​ជា​ព្រះ​ចេះ​និយាយ​ថា“នែ ! សាមណេរ ! នៅ​ទន្ទេញ​ធម៌​ដល់​ណា​ទៀត ! ម្ដេច​មិន​ទៅ​ប្រាប់​អាចារ្យ​ឲ្យ​ប្រមូល​គ្នា​មក​ធ្វើ​បុណ្យ​ភ្នំ​ស្រូវ ទាន់​អញ​តថាគត​នៅ” ។

   សាមណេរ​ឮ​ដូច្នោះ ភ័យ​ណាស់ រត់​ទៅ​ពិត​លោក​គ្រូ​ចៅ​អធិការ ៗ​មក​មើល លុះ​ឮ​ពាក្យ​ដដែល​មែន ក៏​ចេញ​ទៅ​ទូង​ស្គរ ហៅ​អ្នក​ស្រុក​ឲ្យ​ប្រជុំ​គ្នា​ធ្វើ​បុណ្យ​ភ្នំ​ស្រូវ​កំណត់ ៧ ថ្ងៃ ។ អ្នក​ស្រុក នាំ​គ្នា​រែក​ស្រូវ​នំ​នែក​ផ្លែ​ឈើ​ផ្សេង​ៗ ទៅ​ចាក់​គរ​ធារ​ក្នុង​ព្រះ​វិហារ ហើយ​ធ្វើ​ពិធី​បុណ្យ​តាម​លំនាំ​សាសនា យ៉ាង​អ៊ឹកធឹក ។ សត្វ​សារិកា បាន​ឱកាស​ហើយ ក៏​ទៅ​ប្រាប់​ស្ដេច​កណ្ដុរ​ស​ថា “ចូរ​លោក​នាំ​គ្នា​ទៅ​ជញ្ជូន​គ្រឿង​សម្រាប់​បរិភោគ​នោះ មក​ទុក​ដាក់​បម្រុង​ជា​ស្បៀង​ចុះ, ខ្ញុំ​សុំ​លា​លោក​ទៅ​រក​ម្ចាស់​ខ្ញុំ​ហើយ !” ។

   ក្រោយ​ពី​នោះ​មក តែ​ដល់​ថ្ងៃ​ខួប​នោះ អ្នក​ស្រុក ក៏​ចេះ​តែ​នាំ​គ្នា​ធ្វើ​បុណ្យ​ភ្នំ​ស្រូវ ជាប់​ជា​ទំនៀម​រហូត​មក ៕

ស្រាវជ្រាវតាមសៀវភៅរឿងព្រេងខ្មែរភាគ៩ ដោយ÷ចៅតាជេត


ចែករំលែក៖