ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃសៅរ៍ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ លោក វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោក លោកស្រី ព្រមទាំងសមាជិកក្រុមការងារចុះស្រុកជើងព្រៃ បានអញ្ជើញមកជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្នុងវេទិកាសាធារណ: ដែលបានរៀបចំក្នុងបរិវេណវត្តមុសិខារាមផ្តៅជុំ ឃុំផ្តៅជុំ។ ក្នុងពិធីក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកប្រធានក្រុមបឹក្សាស្រុក អភិបាលស្រុក ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត កងកំលាំងទាំងបី និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៦០០នាក់។ កម្មវិធីនេះមានគោលបំណងធ្វើការពិនិត្យ និងតាមដានលើវឌ្ឍនភាពនៃការអភិវឌ្ឍគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនៅស្រុកជើងព្រៃជារួម និងឃុំផ្តៅជុំដោយឡែក បន្ទាប់ពីស្ថានភាពជារួម នៃវិបត្តិជំងឺឆ្លងកូវីដ-១៩ មានលក្ខណល្អប្រសើរឡើងវិញ។
លោក អូត ឈាងលី អភិបាលនៃគណ:អភិបាលស្រុក បានរាយការណ៍ជូនអង្គពិធីជ្រាបដោយ សង្ខេបអំពីសមិទ្ធផលដែលស្រុកជើងព្រៃសម្រេចបាន ជាពិសេសឃុំផ្តៅជុំក្នុងរយ:ពេលកន្លង មកទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ រួមទាំងសកម្មភាពប្រយុទ្ធប្រឆាំងយ៉ាងសកម្មក្នុងការ ចូលរួមទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ក្រោមកិច្ចសហការជួយឧបត្ថម គាំទ្រអស់ពីចិត្ត ថ្លើម ក្នុង ស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមការងារចុះឃុំ និងជាពិសេសលោកប្រធានក្រុមការងារដែលបានលះបង់គ្រប់បែបយ៉ាងក៏ព្រោះដើម្បីប្រជាជន ភាពសុខសាន្ត ជីវភាព សុភមង្គល សុខដុមរមនា សុខសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន។ល។ លោកអភិបាលស្រុកបានសង្ខេប ពីការចំណាយថវិការរយ:ពេល ៣ឆ្នាំកន្លងមក សម្រាប់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋសរុបចំនួន ៧៤៣ ៣៩៣ ០០០រៀល និង ២៤៨ ៧៦៥ដុល្លារ។ ក្រៅពីថវិកាក៏នៅមានគ្រឿងឧបភោគ បរិភោគ ម៉ាស់ ស្រោមដៃ អាល់កុល ដបបាញ់អាល់កុល ថ្នាំបាញ់សម្លាប់មេរោគសម្លៀកបំពាក់ការពារជងឺ ម៉ាស៊ីនវាស់កំដៅ ពូជស្រូវ ប្រេងម៉ាស៊ុតបូមទឹកសង្គ្រោះស្រូវ។ល។
មានមតិសំណេះសំណាលជាមួយបងប្អូន លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមកជូនបង ប្អូនទាំងអស់ និងបានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋជួបតែពុទ្ធិពរទាំង ៤ ប្រការ។ ក្នុងស្ថានភាពជំងឺឆ្លងកូវីដ-១៩ មានលក្ខណល្អប្រសើរសម្តេចតេជោ លោក បានណែនាំឲ្យប្រជាពលរដ្ឋខិតខំស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ជំរុញ និងលើកទឹកចិត្តកូនចៅឲ្យទៅសាលា ពិសេសជំរុញការងារបង្កបង្កើនផលដើម្បីធានាសន្តិសុខស្បៀងក្នុងគ្រួសារ។ យោងលើសមិទ្ធផលដែលរំលេចឡើងដោយលោកអភិបាលស្រុក លោកប្រធានបានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះលោកប្រធានក្រុមការងារចុះឃុំ សហការី លោកអភិបាលស្រុក ឃុំ និងសប្បុរសជនដែលបានបរិច្ចាគថវិកា ពេលវេលា និងកំលាំងកាយចិត្ត រួមគ្នាយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងមានប្រសិទ្ធភាពដូចជា ៖ ភ្លើងឆេះផ្ទះ ខ្យល់កន្រ្តាក់ គ្រោះថ្នាក់ចរាចរ ការឧបត្ថម្ភដល់ចាស់ជរាគ្មានទីពឹង ផ្ទះសប្បុរសធម៌ ការអនុវត្តគោលនយោបាយ ក៣ (កើត ការ និងមរណ:) និងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ការអនុវត្តវិធានការ ៣កុំ ៣ការពារ។
ឆ្លៀតយកឱកាសនេះ លោកប្រធានក្រុមការងារក៏បានជម្រាបជូនអង្គពិធីផងដែរអំពីផែនការសកម្មភាពសំខាន់ៗរបស់រាជរដ្ឋាភិបាលក្នុងការស្តារសេដ្ឋកិច្ចជាតិឡើងវិញក្រោយពេលវិបត្តិកូវីដ-១៩ ការរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។ល។ ការពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងពិភពលោកដើម្បីពង្រីកទីផ្សារកសិផល និងការវិនិយោគលើគ្រប់វិស័យ រួមទាំងបញ្ហាសំខាន់ៗដែលជាឧបសគ្គក្នុងដំណើរការស្តារសេដ្ឋកិច្ចជាតិមានដូចជាបញ្ហាប្រេង ជី និងការដឹកជញ្ជូនឡើងថ្លៃ ដោយសារសង្រ្គាមរវាង រុស្សី-អ៊ុយក្រែន។ល។ ទោះជាយ៉ាងណា លោកប្រធានក្រុមការងារក៏បានផ្តល់ក្តីសង្ឃឹមជូនប្រជាពលរដ្ឋថារាជរដ្ឋាភិបាលនឹងខិតខំដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា និងមាន ប្រសិទ្ធភាពខ្ពស់។ ព្រមជាមួយគ្នាន លោកក៏បានសំណូលពរប្រជាពលរដ្ឋឲ្យខិតខំជួយខ្លួន ឯង សកម្មស្តារសេដ្ឋកិច្ចគ្រួសារ បង្កបង្កើនផល ចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។ ដោយឡែក អាជ្ញាធរស្រុក ឃុំ និងកងកំលាំងទាំងបី ត្រូវយកស្មារតីទទួលខុសត្រូវ ពង្រឹងការងារផ្តល់សេវាសាធារណ: សន្តិសុខ សណ្តាប់ធ្នាប់សង្គម ចរាចរ ល្បែងស៊ីសង បងធំ បងតូច គ្រឿងញៀណ ចោលួច-ប្លន់ និងបទល្មើសផ្សេង។លឿន លោកបានបញ្ជាក់ជូនច្បាស់ថា “ការអភិវឌ្ឍមូលដ្ឋានដើម្បីប្រជាពលរដ្ឋស្ថិតលើដៃយើង ហើយអំណាច និងតួនាទីរបស់អាជ្ញាធរមូលដ្ឋាន ក៏នៅលើដៃរបស់ប្រជាពលរដ្ឋ” ហេតុនេះ អាជ្ញាធរមូលដ្ឋានត្រូវយកអស់ស្មារតីទទួលខុសត្រូវខ្ពស់លើបញ្ហាសុខទុក្ខ ជីវភាពរបស់ប្រជាពលរដ្ឋ៕
ដោយ ៖ សិលា