ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱលោក Bilawal Bhutto Zardari រដ្ឋមន្ត្រីការបរទេស នៃប្រទេសប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ 

លោក Zardari បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលកម្ពុជា បានដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ទទួលបានជោគជ័យ ។ ឆ្លៀតក្នុងឱកាសនោះ លោក បានគោរពអញ្ជើញសម្ដេចតេជោ ទៅធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសប៉ាគីស្ថាន និងគោរពស្នើសុំសម្តេចតេជោ ពិចារណាបើស្ថានទូតកម្ពុជា នៅទីក្រុងឥស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ។ 

លោក Zardari បានសង្កេតឃើញថា ប្រទេសកម្ពុជា មានសក្កដានុពល ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោក ក៏បានគោរពជម្រាបជូនសម្ដេចតេជោថា លោកនឹងពិភាក្សាជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗដែលអាចធ្វើទៅបាន ជាពិសេស លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ល។

ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណដល់លោក Zardari ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការប្រទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។ សម្តេចតេជោ បានមានប្រសាសន៍ថា កិច្ចប្រជុំនៅពេលនេះ គឺចំពេលដែលមានការចម្រុងចម្រាស់ខ្លាំងដូចជា៖ ករណីនៅប្រទេសមីយ៉ាន់ម៉ា ករណីសមុទ្រចិនខាងត្បូង ករណីសង្គ្រាមនៅអ៊ុយក្រែនជាដើម តែទោះជាយ៉ាងណាក៏ដោយ យើងបានរួមគ្នាធ្វើការរហូតទទួលបានជោគជ័យ។

សម្ដេចតេជោ បានទទួលយកនូវការអញ្ជើញទៅធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសប៉ាគីស្ថាន ហើយក៏បានទទួលឆ្លើយតបជាវិជ្ជមានចំពោះការស្នើសុំឱ្យពិចារណាបើកស្ថានទូតកម្ពុជា នៅទីក្រុងឥស្លាមម៉ាបាដ។ ជាការឆ្លេីយតបទៅនឹងសក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ សម្តេចតេជោ បានលើកទឹកចិត្តឲ្យលោកZardari ជំរុញ និងលើកទឹកចិត្តវិនិយោគិនប៉ាគីស្ថាន ឱ្យមកកម្ពុជាដើម្បីពិនិត្យមើលលទ្ធភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដែលអាចធ្វើទៅបានជាពិសេស លើវិស័យដែលឯកឧត្តមបានលើកឡើង នោះគឺវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖