ប្រទេសថៃ ៖ ពលរដ្ឋខ្មែរម្នាក់បានបាត់បង់ជីវិត នៅវេលាម៉ោង០២ រំលងអធ្រាត្រឈានចូល ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅជិតព្រំដែនកម្ពុជា បន្ទាប់ពីគាត់ចុះលាងដៃជើងក្នុងទឹកប្រឡាយក្បែរផ្លូវជាតិ ស្ថិតក្នុងភូមិថាប់សេរី ឃុំ ថាប់សេដិត ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ។
នគរបាលស្រុកថ្មពួកបានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ សន ផល្លី ភេទប្រុសអាយុ ៦៩ ឆ្នាំ នៅភូមិ អូកំបុត្រ (ភូមិបឹងតាស្រី) ឃុំគោករមៀត ស្រុកថ្មពួក។មុនពេលកើតហេតុជនរងគ្រោះ និងប្រពន្ធព្រមទាំងកូនបានស្នាក់នៅធ្វើការនៅប្រទេសថៃជាច្រើនខែ ។ នៅពេលធ្វើដំណើរត្រឡប់ មកផ្ទះរបស់ខ្លួននៅភូមិ អូកំបុត្រ (ភូមិបឹងតាស្រី) ឃុំគោករមៀត ស្រុកថ្មពួកវិញ ជនរងគ្រោះបាន ចុះលាងដៃនិងលាងជើងនៅប្រឡាយទឹកក្បែរថ្នល់កៅស៊ូជិតបន្ទាយទាហានឈុតខ្មៅថៃក្បែរព្រំដែនត្រូវចរន្តអគ្គិសនីឆ្លងឆក់ ដោយពុំបានឃើញមានខ្សែភ្លើងដាច់ធ្លាក់ចូលក្នុងទឹកប្រឡាយនោះឡើយ ។ ក្រោយពេលកើតហេតុ ប្រពន្ធកូននិងទាហានឈុតខ្មៅថៃបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះជីវិតនៅមន្ទីរពេទ្យស្រុកតាប្រាយ៉ា តែខាងក្រុមគ្រូពេទ្យបានបញ្ជាក់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
នគរបាលបានបញ្ជាក់ថា៖សពជនរងគ្រោះ ត្រូវបានទាហានឈុតខ្មៅបញ្ជូនមកប្រទេសកម្ពុជាវិញ តាមច្រករបៀង មហោស្រប ស្ថិតនៅក្នុងភូមិបឹងតាស្រី ឃុំគោករមៀត ស្រុកថ្មពួក ដើម្បីឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ វណ្ណា