ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនាទៅលើអ្នកដទៃដោយប្រើអាសុីតខ្លាំង ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញធ្វើការស្រាវជ្រាវឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១០:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចផ្ទះសំណាក់ឋានសួគ៌ប្រសិទ្ធ តាមផ្លូវលំ ក្នុងភូមិស្វាយឧត្តម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោកឯក ប៉ូលីហ្វីវ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ពីបទហិង្សាដោយចេតនាទៅលើអ្នកដទៃ ដោយប្រើអាសុីតខ្លាំង ប្រព្រឹត្តនៅចំណុចមុខសាលាជាតិកសិកម្មព្រែកលៀប ផ្លូវជាតិលេខ៦A ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២។

    ជនសង្ស័យឈ្មោះហ៊ាន ប៊ុនធាន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុម២៨ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

    បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ ៖ សហការី


ចែករំលែក៖