ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តFord Ranger បុកជាមួយរថយន្តALPHARD ហើយព្យាយាមបើករត់ទាំងដាច់កង់ម្ខាង

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាក Ford Ranger ស៊េរីឆ្នាំ២០២៣ បានបើកបុកជាមួយរថយន្តស៊េរីទំនើបម៉ាកALPHARD ហើយព្យាយាមបើករត់ចេញពីកន្លែងកើតហេតុរាប់រយម៉ែត្រ ទាំងដាច់កង់ខាងមុខម្ខាងរហូតបើកទៅមុខលែងរួចទើបឈប់។

     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី៦ខែសីហា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវបេតុងបុរីឈូកវ៉ា២  ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក Ford Ranger ស៊េរីឆ្នាំ២០២៣ មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BT-8611ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែរេចង្កូតទៅបុកជាមួយនឹងរថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាកALPHARD ពណ៌សពាក់ស្លាកលេខភ្នំពេញ2AE-8899ដែល ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីលិចទៅកើតចំពីចំហៀងខាងឆ្វេងកង់ខាងក្រោយពេញទំហឹងបណ្ដាលឱ្យរថយន្តALPHARD រងការខូចខាតយ៉ាងដំណំ ចំណែករថយន្ត Ford បានបើករត់ចេញពីកន្លែងកើតហេតុរាប់រយម៉ែត្រចូលក្នុងបុរីឈូកវ៉ា២ ទាំងដាច់កង់ខាងមុខផ្នែកខាងឆ្វេង។

     ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចុះមកដល់ហើយបានឱ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា។ក្រោយពីសម្រុះសម្រួលគ្នារួចមកភាគីទាំងពីរបានព្រមព្រៀងគ្នាដោយខាងរថយន្តFord បានចេញសំណងថ្លៃជួលជុលរថយន្តALPHARDឱ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖