ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាឱ្យ បិទដេប៉ូខ្សាច់៤ទីតាំង នៅផ្លូវជាតិលេខ២ សង្កាត់ចក្រអង្រែក្រោម និងចក្រអង្រែលើ ក្រោយពីបង្កភាពគ្រោះថ្នាក់ដល់ពលរដ្ឋមក

ចែករំលែក៖

ភ្នំពេញ៖  អនុវត្តតាមបទបញ្ជារបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែសីហាឆ្នាំ២០២២នេះ លោកស៊ុយ សេរិទ្ធ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយនិងលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានចុះបិទដេប៉ូខ្សាច់ចំនួន៤ទីតាំង នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចក្រអង្រែក្រោម និងចក្រអង្រែលើ ខណ្ឌមានជ័យ។

  លោកស៊ុយ សេរិទ្ធ តំណាងឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា៖ ការចុះបិទ ដេប៉ូខ្សាច់ចំនួន៤ទីតាំងខាងលើនេះធ្វើឡើងទៅតាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយសារទីតាំងខាងលើមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយធ្វើឱ្យដីខ្សាច់ហូរហៀលើទ្រូវផ្លូវ ពិបាកឱ្យបងប្អូនធ្វើដំណើរ បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនថែមទៀត ដូចជាខូចខាតផ្លូវ ប្រព័ន្ធលូ ជាដើម។

  លោកស៊ុយ សេរិទ្ធ. ក៏បានបញ្ជាក់ផងដែរ អាជីវកម្មទាំង៤ទីតាំងខាងលើនេះ គឺត្រូវបិទទាំងស្រុងតែម្តង ។តែ បើពួកគាត់ស្នើសុំបើកអាជីវកម្មឡើងវិញ រដ្ឋបាលរាជធានីភ្នំពេញ នឹងពិនិត្យលទ្ធភាព អោយបានគ្រប់ជ្រុងជ្រោយ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី រដ្ឋបាលរាជធានីភ្នំពេញ មិនអាចអនុញ្ញាតឱ្យដឹកដីខ្សាច់តាមរថយន្តលើផ្លូវដូចពេលនេះទៀតទេ ។ ពួកគាត់អាចចោះទម្លុះផ្លូវដាក់ ទុយយោទៅតំបន់អភិវឌ្ឍន៍តែម្តង ពោលគឺមិនទុកអោយដេប៉ូខ្សាច់ទាំងនេះ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធទៀតទេ ហើយរាល់រចនាសម្ព័ន្ធ ដែលខូចខាត ដូចជាលូ ផ្លូវ នៅលើផ្លូវជាតិលេខ២ ផ្លូវ៦០ ម៉ែត្រនិងផ្លូវ ៣០ ម៉ែត្រ ម្ចាស់ដេប៉ូខ្សាច់ខាងលើត្រូវតែ កើបដីខ្សាច់ចេញពីថ្នល់និងធ្វើការជួសជុលឡើងវិញទាំងលូនិងផ្លូវ។

    លោកបានបញ្ជាក់ថា៖ ទីតាំងដេប៉ូខ្សាច់ខាងលើនេះត្រូវបាន អាជ្ញាធររាជធានីភ្នំពេញធ្វើការណែនាំនិងធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសាររួចមកហើយ និងបានណែនាំអោយពួកគាត់មានម៉ាស៊ីនលាងកង់រថយន្តនិង ដឹកជញ្ជូនខ្សាច់នៅពេលយប់វិញ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ម្ចាស់អាជីវកម្ម នៅតែរអនុវត្តមិនបានល្អទៅតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ទើបរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទអាជីវកម្មទាំងស្រុងតែម្តង។ 

  គួរបញ្ចាក់ថា នៅតាមបណ្តោយផ្លូវជាតិលេខ ២នេះ មានទីតាំង ដេប៉ូខ្សាច់ចំនួន៦ តែកំពុងធ្វើអាជីវកម្មតែចំនួន៤ទីតាំងប៉ុណ្ណោះ៕

ដោយ ៖ សំរិត


ចែករំលែក៖