ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំពិភាក្សាសំណើរបស់បងប្អូនអាជីវករផ្សារអូរឫស្សី

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនអាជីវករផ្សារអូរឫស្សីទាំងអស់ មេត្តាជ្រាបថា នាវេលាម៉ោង១៤:៣០នាទី នៅថ្ងៃចន្ទ ទី០៨ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការប្រជុំពិភាក្សាស្តីពីសំណើរបស់បងប្អូនអាជីវករផ្សារអូរឫស្សី ក្រោមអធិបតីភាព លោក កើត ឆែ អភិបាលរង និង លោក នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជាមួយតំណាងអាជីវករផ្សារអូរឫស្សីចំនួន ០៥រូប។ ជាកិច្ចចាប់ផ្តើម អង្គប្រជុំបានស្វាគមន៍ និងអនុញ្ញាតឱ្យតំណាងអាជីវករលើកឡើងនូវសំណូមពរ ផ្ទាល់មាត់បន្ថែមលើសំណើដែលបានដាក់ស្នើសុំមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកមកពិភាក្សាគ្នា។

ចំពោះសំណើសុំទាំងមុនទាំងក្រោយមានចំនួន ០៤ ចំណុចដូចខាងក្រោម៖

– កំណត់អាណត្តិ ២០ឆ្នាំបន្តទៀតផ្តល់ប័ណ្ណតូបកម្មសិទ្ធិផ្ទាល់ខ្លួនដូចមុន

-ស្នើសុំបង់ត្រឹម ៥០% នៃតម្លៃអាណត្តិចាស់

-សូមឱ្យមានការជួសជុលផ្សារនាឆ្នាំ២០២៣ខាងមុខ (ជួសជុលតាមប្លុក) បន្ទាប់ពី បង់អាណត្តិថ្មីរួច។

តំណាងអាជីវករផ្សារអូរឫស្សីបានលើកបន្ថែមឡើងថា ដោយសារស្ថានភាពនៃការរីករាលដាល ជំងឺកូវីដ-១៩ ជាសកល បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ការប្រកបរបរអាជីវកម្មផ្សេងៗ បណ្តាលឱ្យ ការលក់ដូរក្នុងផ្សារអូរឫស្សីមានការធ្លាក់ចុះ ទើបបងប្អូនអាជីវករមានសំណូមពរដូចខាងលើ ពិសេស ការស្នើសុំបង់ត្រឹម៥០%នៃតម្លៃអាណត្តិចាស់។

រដ្ឋបាលរាជធានីភ្នំពេញបានជម្រាបជូនតំណាងអាជីវករទាំងអស់ ចំពោះតម្លៃនៃការបង់ រយៈពេល ២០ឆ្នាំ គឺជាតម្លៃកាលពី២០ឆ្នាំមុន ដែលបងប្អូនធ្លាប់បានបង់រួចហើយ។ ចំពោះតម្លៃ ប្រសិនបើយើងចែកជាប្រចាំឆ្នាំខែ និងថ្ងៃឃើញថា ចំពោះប្រភេទតូប/ស្តង់តម្លៃខ្ពស់បំផុត មានតម្លៃ ៣.៣០០ ដុល្លារ ក្នុងរយៈពេល ២០ ឆ្នាំ, បើចែកជាប្រចាំឆ្នាំ ទឹកប្រាក់ដែលត្រូវបង់ គឺចំនួន ១៦៥ ដុល្លារ/១ឆ្នាំ, បើចែកជាខែ ត្រូវបង់ ១៣,៧៥ ដុល្លារ/១ខែ, បើចែកជាថ្ងៃ ត្រូវបង់ ០,៤៥ ដុល្លារ/១ថ្ងៃ ឬស្មើ ១.៨០០ រៀលថ្ងៃ និងតម្លៃទាបបំផុតគឺចំនួន ១.៩៨០ ដុល្លារ ក្នុងរយៈពេល ២០ឆ្នាំ, បើចែកជាប្រចាំឆ្នាំ ទឹកប្រាក់ដែលត្រូវបង់គឺចំនួន ៩៩ ដុល្លារ/១ឆ្នាំ, បើចែកជាខែ ត្រូវបង់ ៨,២៥ ដុល្លារ/១ខែ, បើចែកជាថ្ងៃ ត្រូវបង់ ០,២៧ ដុល្លារ/១ថ្ងៃ ឬស្មើ ១.០៨០ រៀល/១ថ្ងៃ ដែលនេះបង្ហាញថាជាតម្លៃទាបបំផុត ។ បងប្អូនអាជីវករអាចបន្ត ការលក់ដូររហូតតកូនតចៅក្នុងអំឡុងពេលអាណត្តិនៃកិច្ចសន្យា ហើយបងប្អូនអាជីវករអាចផ្ទេរសិទ្ធិ កាន់កាប់ ប្រើប្រាស់ និងអាស្រ័យផល ទៅកូនចៅ ឬអ្នកដទៃបាន។

បន្ទាប់ពីពិភាក្សាគ្នាយ៉ាងល្អិតល្អន់នូវសារៈប្រយោជន៍នៃការបង់តម្លៃតូបនេះ គឺដើម្បីធានានូវ អាជីវកម្មរបស់បងប្អូនឱ្យនៅជាប្រក្រតី រយៈពេល ២០ឆ្នាំបន្តទៀត ហើយរដ្ឋបាលរាជធានីភ្នំពេញស្នើ តំណាងបងប្អូនអាជីវករយកលទ្ធផលនៃកិច្ចប្រជុំ ទៅជម្រាបជូនបងប្អូនអាជីវករអូរឫស្សីទាំងអស់ ដូច ខាងក្រោម៖

១- ចំពោះអាណត្តិថ្មី នៃកិច្ចសន្យា គិតចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០៤២។ 

២- ចំពោះការបង់ប្រាក់សម្រាប់អាណត្តិថ្មី នៃកិច្ចសន្យា បងប្អូនអាជីវករអាចធ្វើការបង់ទៅតាមលទ្ធភាពជាក់ស្ដែង ដូចខាងក្រោម៖

ជម្រើសទី១ ៖ បង់ប្រាក់ ០១ លើក សម្រាប់អាណត្តិរយៈពេល ២០ ឆ្នាំ

ជម្រើសទី២ ៖ បង់ប្រាក់ ០២ លើក សម្រាប់អាណត្តិរយៈពេល ២០ ឆ្នាំ ដោយបង់ ១០ ឆ្នាំ ម្ដង

ជម្រើសទី៣៖ បង់ប្រាក់ ០៤ លើក សម្រាប់អាណត្តិរយៈពេល ២០ ឆ្នាំ ដោយបង់០៥ ឆ្នាំ ម្តង។

អង្គប្រជុំបានបញ្ចប់នាវេលាម៉ោង ១៦:៣០ នាទី នាថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសរីករាយ ស្និតស្នាលក្រៃលែង។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនអាជីវករផ្សារអូរឫស្សីទាំងអស់មេត្តាជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖