ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ៖ មន្ទីរព្យាបាល និងសម្ភព ម្លិះ ដង្កោ ! ឯណាទៅសីលធម៌សង្គម ដោយសារតែលុយ ២២០ ដុល្លារសុខចិត្តទុកឱ្យក្មេងស្លាប់ឬ?

ចែករំលែក៖

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋាននគរបាលវិទ្យុទាក់ទង ក្រសួងមហាផ្ទៃ នាយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ លោកបានបង្ហោះលើ facebook ផ្លូវការរបស់លោក ទាំងចិត្តសោកសង្រែង ដែលទប់ចិត្តមិនបានពី តម្លៃគុណធម៌ ដែលលោកធ្លាប់បានជួយសង្គម ! អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”សូមដកស្រង់នូវ ពាក្យពេចន៍របស់លោកទាំងស្រុងដូចខាងក្រោម: 

-ខ្ញុំថា បើម្ចាស់មន្ទីរពហុព្យាបាលនេះជាជនជាតិខ្មែរ១០០ភាគរយ ពួកគាត់មិនអសីលធម៌បែបនេះឡើយ ។ កុមារនេះជាកូនបុគ្គលិកខ្ញុំ ហើយកុមារនេះលួចទៅធ្វើជាងសំណង់ទាំងខ្លួនឯងអាយុទើបតែ ១៤ ឆ្នាំដោយជីវភាពគ្រួសារក្រីក្រ ។ 

ថ្ងៃនេះក្មេងជួបគ្រោះថ្នាក់ចរាចរណ៍តាំងពីថ្ងៃមេឃនៅមានពន្លឺថ្ងៃ និងត្រូវដឹកទៅសង្គ្រោះនៅមន្ទីរព្យាបាលមួយនេះ ។ ម្នាក់ចំណោម២នាក់រងគ្រោះបានស្លាប់បាត់ទៅហើយ នៅសល់កុមារម្នាក់នេះរងគ្រោះធ្ងន់ដែលត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ។ មន្ទីរព្យាបាលមិនព្រមបញ្ជូនកុមារនោះចេញឡើយ ដោយសារម្តាយជនរងគ្រោះពុំមានប្រាក់បង់គ្រប់ចំនួន ៤២០ដុល្លារ តាមការចេញវិក័យប័ត្រ ម្តាយក្មេងរងគ្រោះសំពះអង្វរសុំបង់ ២០០ ដុល្លារ ។

ឳពុកក្មេងនោះជាបុគ្គលិកបើកគ្រឿងចក្រខ្ញុំ ដែលបច្ចុប្បន្នគាត់កំពុងជាប់ភារកិច្ចជួយធ្វើប្រឡាយ និងធ្វើផ្លូវជូនប្រជាជននៅឃុំទឹកថ្លា ខេត្តព្រៃវែងដែលមិនគិតប្រាក់សូម្បីមួយរៀល ។ 

ឯណាទៅសីលធម៌សង្គម ដោយសារតែលុយ ២២០ ដុល្លារសុខចិត្តទុកឱ្យក្មេងស្លាប់ឬ? ខ្ញុំទើបតែទទួលបានព័ត៌មាន ខ្ញុំពិតជាហួសចិត្តនឹងម្ចាស់ពេទ្យនោះណាស់ តែខ្ញុំជឿថា ប្រហែលពួកគាត់ជាកូនកាត់ ពីព្រោះបើជនជាតិខ្មែរពិតប្រាកដមិនអាក្រក់ឈាមខ្មៅយ៉ាងនោះទេ ។ ម្យ៉ាងខ្ញុំក៏ឆ្ងល់នឹងតម្លៃលើវិក័យប័ត្រនេះផងដែរ ។ 

អ្នកក្រជួបទុក្ខ រងចាំតែស្លាប់ទៅ… នេះហើយផ្នែកមួយដំបៅនៃសង្គមយើងសព្វថ្ងៃ…៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖