ភ្នំពេញ៖ ដោយក្ដីគោរពស្រលាញ់ មានចំពោះលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន ពីសំណាក់កងម្លាំងក្នុងមូលដ្ឋាន លោកវរសេនីយ៍ឯក យិន សាន អធិការនគរបាលខណ្ឌចំការមន និងមន្ត្រីនគរបាលខណ្ឌ លោកវរសេនីយឯក ភួង សុភ័ក្ត្រ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌចំការមន និងមន្ត្រីកងរាជអាវុធហត្ថខណ្ឌ បានអញ្ជើញជួបសម្ដែងការគួរសម និងជូនពរចំពោះលោកអភិបាលខណ្ឌចំការមន ដែលត្រូវរាជរដ្ឋាភិបាលកម្ពុជា ផ្ទេរភារកិច្ចទៅជា អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ។
ថ្លែងក្នុងឱកាសនេះ លោកអធិការនគរបាលខណ្ឌ និងលោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ បានលើកឡើងថា កន្លងមក កងកម្លាំងនៅក្រោមឱវាទនៃការដឹកនាំដ៏ល្អរបស់លោកអភិបាលខណ្ឌ ថេង សុថុល ដែលជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ តែងបានផ្ដល់ឱវាទ និងអនុសាសន៍ល្អៗដល់មន្ត្រីនគរបាល និងអាវុធហត្ថក្នុងខណ្ឌចំការមន ប្រកបដោយលទ្ធផលល្អ ទាំងការងារសន្តិសុខ សណ្ដាប់ធ្នាប់ ការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ ។
ដូច្នេះថ្ងៃនេះ តំណាងអង្គភាពនគរបាលខណ្ឌ និងកងរាជអាវុធហត្ថខណ្ឌ សូមជូនពរដល់លោកអភិបាល សូមមានសុខភាពល្អ ទៅកាន់កន្លែងថ្មី ដឹកនាំការងារទទួលបានជោគជ័យ ដូចការដឹកនាំការងារនៅខណ្ឌចំការមននេះ ។
ក្នុងឱកាសនេះ លោក ថេង សុថុល បានថ្លែងអំណរគុណដល់មន្ត្រីរដ្ឋបាលខណ្ឌ កងកម្លាំងប្រដាប់អាវុធ នៅក្នុងមូលដ្ឋានខណ្ឌចំការមនទាំងអស់ ដែលបានជូនពរក្នុងពេលដែលលោក ត្រូវផ្ទេរភារកិច្ចពីអភិបាលខណ្ឌចំការមន ទៅជាអភិបាលខណ្ឌ៧មករាវិញ ។
សូមជម្រាបថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងអភិបាលខណ្ឌសរុបចំនួន៩រូប។ នៅក្នុងអនុក្រឹត្យនេះ បានផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ០៦រូប ដោយក្នុងនោះ លោក ថេង សុថុល ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៥ ត្រូវបានផ្ទេរពីអភិបាល នៃគណៈអភិបាលខណ្ឌចំការមន ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌ៧មករា ៕
ដោយ៖ ជីណា