ភ្នំពេញ៖ ជនសង្ស័យ ម្នាក់រត់គេចខ្លួនបាន២ថ្ងៃ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ២ ស្រាវជ្រាវ ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ខ្សែ.ក ពីស្ត្រីវ័យចំណាស់ម្នាក់ បានសម្រេច។
ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នៅមុខផ្ទះ១៦៨ ផ្លូវលេខ៣៥៧ ភូមិដើមស្លែង សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ដុង ធីឌែប ភេទ ស្រី អាយុ៧៤ឆ្នាំ ជនជាតិវៀតណាម មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះ០៥F ផ្លូវ ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឈ្មោះ ញ៉ែម យ៉ុម ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
លោកវរសេនីយ៍ត្រី អ៊ុំ រតនា នាយប៉ុស្តិ៍នគរបាលច្បារអំពៅ២ បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញ ពីលោក វរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ និង សហការជាមួយសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌ បានចុះធ្វេីការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងម៉ូតូធ្វើសកម្មភាព និង ដកហូតខ្សែ.កជនរងគ្រោះមកវិញ។
លោកនាយប៉ុស្តិ៍បានបន្តទៀតថា ដោយមុនពេលកើតហេតុជនរងគ្រោះ ដើរមកហាត់ប្រាណ មកឈរនៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យជិះម៉ូតូម៉ាក Honda Scoopyi ពណ៌ស ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ ១JM-២២០១ ជិះមកពីក្រោយ រួចធ្វើសកម្មភាពឆក់ខ្សែ.កមាស ០១ខ្សែ (ទម្ងន់០៥ជី) និងធាក់ជនរងគ្រោះឲ្យដួលលើផ្លូវ បណ្ដាលឲ្យរបួសជង្គង់ស្តាំ រួចជិះគេចខ្លួន។ លុះដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៧ព្រឹក កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ នៅចំណុចកើតហេតុខាងលើ និង បានដកហូតខ្សែ.កជនរងគ្រោះ ព្រមទាំងម៉ូតូជិះធ្វើសកម្មភាព បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារ អំពៅ សាកសួរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ២ បានធ្វើការសាកសួរ និង កសាងសុំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌច្បារអំពៅចាត់ការបន្តតាមនីតិវិធី។ ចំណែកខ្សែ.កមាស សមត្ថកិច្ចបានប្រគល់ជូនស្ត្រីរងគ្រោះវិញផងដែរ៕
ដោយ ៖ រ៉ារ៉ា