ព័ត៌មានទាន់ហេតុការណ៍៖

តារាសម្តែងភូមា Paing Takhon នឹងមកបញ្ចប់ការថតភាពយន្ត រឿងនាឡិការដាស់វិញ្ញាណ វគ្គ២នៅកម្ពុជាចាយទុនជាង១លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុតគម្រោងនៃការចេញថតភាពយន្តខ្នាតធំរឿងនាឡិការដាស់វិញ្ញាណវគ្គ ២ ឬ Red Wall របស់ផលិតកម្មLD ត្រៀមបញ្ចប់ការផលិតរបស់ខ្លួនហើយបន្ទាប់ពីជាប់គាំងអស់ជិត២ឆ្នាំ ព្រោះតែវិបត្តិជំងឺកូវីដ-១៩ និងក្រោយពីតារាសម្តែងភូមា Paing Takhon   ដែលជាតួឯង ត្រូវបានរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាចាប់ខ្លួន។ ទោះជាយ៉ាងណា តារាសម្តែងស្រស់សង្ហា រូបនេះអាចនឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដើម្បីថតបញ្ចប់ភាពយន្តដែលចាយទុនខ្ទង់ជាង១លានដុល្លារនេះ។

  តារាសម្តែង និងបង្ហាញម៉ូតមីយ៉ាន់ម៉ាដ៏មានប្រជាប្រិយភាពលោក Paing Takhon ដែលគេដឹងថាជាតួឯកក្នុងភាពយន្តខ្នាតធំរឿង នាឡិកាដាស់វិញ្ញាណវគ្គ២ ដែលជាការសហការផលិតរវាងផលិតករកម្ពុជា និងមីយ៉ាន់ម៉ា។លោកបានខកខានមកកម្ពុជាដើម្បីថតភាពយន្តនេះក្រោយពីមានការរីករាលដាលនៃជំងឺកូវីដ-១៩។លោក PaingTakhon មានវ័យ២៦ឆ្នាំ លោកគឺជាតារាម៉ូឌែល តារាសម្តែង និងជាអ្នកចម្រៀង ជនជាតិមីយ៉ាន់ម៉ា។ កាលពីឆ្នាំ ២០១៨ តារារូបនេះត្រូវបានជ្រើសរើសដោយ គេហទំព័រ BuzzFeed ថាជាបុរសសង្ហា ម្នាក់ក្នុងចំណោមបុរសទាំង២៣នាក់នៅតំបន់អាស៊ីអាគ្នេយ៍ ។ លោក ក៏បានជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងកម្មវិធី“ កំពូលអ្នកសម្ដែង ១០ នាក់” របស់កម្មវិធី Myanmar Time កាលពីពេលកន្លងទៅដែរ។ គេចាំបានថាភាពយន្តខ្នាតធំរឿងនាឡិការដាស់វិញ្ញាវគ្គ ២ ឬ Red Wall របស់ផលិតកម្មLD សហការជាមួយផលិតករមីយ៉ាន់ម៉ា ដែលគ្រោងចាយទុនជាង១លានដុល្លារអាមេរិកនោះ បានពន្យាពេលក្នុងការថតបញ្ចប់ក្រោយពីវិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ម៉ា និងវិបត្តិនៃជំងឺកូវីដ១៩។  ដំណឹងចុងក្រោយដែលទទួលបានពីក្រុមការងារផលិតភាពយន្តនេះបានបង្ហើបថា តារាសម្តែងលំដាប់ជួរមុខរបស់មីយ៉ាន់ម៉ា លោក Paing Takhon   ដែលជាតួឯកប្រុសក្នុងរឿងខាងលើគ្រោងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដើម្បីថតបញ្ចប់ភាពយន្តនេះខណៈដែលតួឯកស្រីត្រូវបានគេស្គាល់ថាគឺម្ចាស់ មកុដ Miss Grand Cambodia 2021 កញ្ញា ប៉ូ គីមថេងសុទ្ធធីតា ដែលក៏កំពុងតែរងចាំដំណឹងល្អនេះផងដែរ។ ការទទួលបានដំណឹងនេះគឺក្រោយពេលវិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ម៉ាបានបញ្ចប់ និងក្រោយពីតារាសម្តែងនិងម៉ូឌែល លោក Paing Takhon ត្រូវបានរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានដោះលែងឲ្យមានសេរីភាពវិញកាលពីអំឡុងខែមីនាកន្លងទៅ និងកក្រោយពីលោកត្រូវបានយោធាចាប់កាលពីអំឡុងខែមេសា ឆ្នាំ២០២១បន្ទាប់ពីលោកត្រូវបានគេកត់សម្គាល់ថា ជាសកម្មជនម្នាក់ដែលបានចូលរួមប្រឆាំងនឹងរដ្ឋប្រហាររបស់យោធានៅប្រទេសមីយ៉ាន់ម៉ា។ 

មានការទម្លាយពីផលិតករក្នុងស្រុកម្នាក់បានបង្ហើបថា ក្រុមផលិតកម្មបាននិងកំពុងរត់សំណុំឯកសារពាក់ព័ន្ធនានាដើម្បីអញ្ជើញតារាប្រុសរូបនេះមកសម្តែងបញ្ចប់ភាពយន្តដែលគ្រោងចាយប្រាក់ជាង១លានដុល្លារអាមេរិកនោះ ហើយពួកគេមានក្តីរំពឹងខ្ពស់ថានឹងអាចទទួលបានលទ្ធផលល្អព្រោះតែទំនាក់ទំនងរវាងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ាល្អ ហើយពេលនេះក្រុមការងារត្រៀមរួចជាស្រេចក្នុងការសំរុកចេញផលិតឲ្យទាន់ការគ្រោងទុកពីរយៈពេលនៃការស្នាក់នៅកម្ពុជា។ ប្រសិនបើគម្រោងនេះទទួលបានជោគជ័យ គេរំពឹងដែរថា ភាពយន្តខ្មែរនឹងកាន់តែទទួលបានការគាំទ្រ និងមានឱកាសខ្ពស់ឈានជើងចេញទៅចាក់បញ្ចាំងនៅក្រៅប្រទេស។ ខណៈដែលមុននេះ ប៉ូគីមថេង សុទ្ធធីតា ក៏បានបញ្ជាក់អំពីការទន្ទឹងរងចាំការមកដល់របស់តារាប្រុសរូបនេះផងដែរ  និងចង់បន្តថតភាពយន្តខ្នាតធំមួយនេះបំពេញចិត្តអ្នកគាំទ្រផងដែរ៕  

ដោយ ៖ វឌ្ឍនា


ចែករំលែក៖