ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi បានលើកឡើងថា អាមេរិកគាំទ្រគោលនយោបាយ«ចិនតែមួយ» ហើយដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់របស់លោកស្រីគឺមិនមានគោលដៅផ្លាស់ប្តូរគោលនយោបាយនោះឡើយ។
តាមការលើកឡើងរបស់ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi បានលើកឡើងថា គណៈប្រតិភូអាមេរិកទៅកាន់កោះតៃវ៉ាន់មិនមែនដើម្បីផ្លាស់ប្តូរគោលនយោបាយចិនតែមួយដែលទីក្រុងវ៉ាសីនតោនបានព្រមព្រៀងនោះទេ។ លោកស្រីបញ្ជាក់ថា ការណ៍ដែលអាមរិកគាំទ្រកោះតៃវ៉ាន់គឺទៅតាមច្បាប់ទំនាក់ទំនង អាមេរិក-តៃវ៉ាន់។
លោកស្រី Nancy Pelosi បានបញ្ជាក់ទៀតថា មិនមានអ្វីខុសប្រក្រតីនៅក្នុងដំណើរទស្សនកិច្ចនោះឡើយ ហើយលោកស្រីទទួលបានការគាំទ្រខ្ពស់ពីថ្នាក់ដឹកនាំកោះតៃវ៉ាន់ ។ អ្នកនយោបាយវ័យ៨២ឆ្នាំបានប្រកាសថា គោលជំហររបស់ចិន នៅក្នុងដំណើរទស្សនកិច្ចនោះគឺមិនសមហេតុសមផលនោះឡើយ ដោយចាត់ទុកថាចិនមិនត្រូវធ្វើឱ្យកោះតៃវ៉ាន់ស្ថិតនៅឯកានោះទេហើយចិនក៏មិនអាចហាមប្រាមអ្នកណាម្នាក់ទៅកាន់កោះតៃវ៉ាន់នោះដែរ។
ដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់នាថ្ងៃទី ២-៣ខែសីហា គឺជាដំណើរទស្សនកិច្ចជាន់ខ្ពស់បំផុតរបស់មន្ត្រីអាមេរិកទៅកាន់កោះនេះចាប់តាំងពីឆ្នាំ១៩៩៧មក។ ដំណើរទស្សនកិច្ចរបស់លោកស្រីទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីរដ្ឋាភិបាលចិន៕ ដោយ៖ ធីរីណា
រូបថត ៖ TTXVN/AP