មកទល់ពេលនេះនៅប្រទេសប្រេស៊ីលមានករណីកើតជំងឺអុតស្វាដល់ទៅ១៧០០នាក់ និងស្លាប់ម្នាក់ ។ ប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលបានផ្សាយថា មានករណីវាយប្រហារទៅលើសត្វស្វា ដោយក្នុងនោះមានសត្វស្វា១០ក្បាលត្រូវគេបំពុលសម្លាប់នៅក្នុងទីក្រុង Sao Paulo ។ សកម្មភាពខាងលើកើតឡើង ក្នុងពេលដែលមានក្តីបារម្ភកាន់តែខ្លាំងពីការកើតជំងឺអុតស្វា។
អង្គការសុខភាពពិភពលោក នៅថ្ងៃទី៩ខែសីហាបានថ្កោលទោសយ៉ាងខ្លាំងដល់ការវាយប្រហារទៅលើសត្វស្វានៅក្នុងប្រទេសប្រេស៊ីល ។ លោកស្រី Margaret Harris អ្នកនាំពាក្យអង្គការសុខភាពពិភពលោកបានលើកឡើងថា «មនុស្សគ្រប់រូបត្រូវតែដឹងថា ការឆ្លងរាលដាលនៃជំងឺអុតស្វាគឺឆ្លងពីមនុស្សទៅមនុស្ស មិនមែនឆ្លងពីសត្វនោះឡើយ។
លោកស្រីបន្តទៀតថា បើទោះបីជាដឹងថា ជំងឺអុតស្វាបានឆ្លងរាលដាលពីសត្វទៅមនុស្ស ប៉ុន្តែករណីឆ្លងនាពេលនេះគឺពីមនុស្សទៅកាន់មនុស្ស ។ ដូច្នេះយើងមិនត្រូវធ្វើបាបសត្វស្វានោះឡើយ។
គិតចាប់តាំងពីខែឧសភាមកទល់ពេលនេះមានករណីកើតជំងឺអុតស្វា នៅលើពិភពលោកកើនឡើងដល់ទៅ ២៩០០០នាក់ ស្ថិតនៅ៩០ ប្រទេសជុំវិញពិភពលោក ។ កាលពីខែកក្កដា អង្គការសុខភាពពិភពលោកបានចាត់ទុកករណីកើតជំងឺអុតស្វាគឺជាស្ថានភាពអាសន្ននៅលើពិភពលោក៕ ដោយ៖ ធីរីណា
រូបថត ៖ Digital Journal