ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តHilux Revo បើកលឿនជ្រុលឡើងលើខឿនថ្មពុះចែកទ្រូងផ្លូវនិងជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើមរាបដល់ដី

ចែករំលែក៖

ភ្នំពេញ ៖  បុរសម្នាក់បានបើករថយន្តHilux Revo ក្នុងល្បឿនលឿនបណ្ដាលឱ្យរេចង្កូតឡើងលើខឿនថ្មពុះចែកទ្រូងផ្លូវទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់រាបដល់ដី រីឯរថយន្តខូចខាតផ្នែកខាងមុខ និងបែកកង់ទៅមុខលែងរួច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខការាសសាំង ptt តាមបណ្តោយផ្លូវលេខ២០០៤ (ម៉ៃដា)កែងនឹងផ្លូវលេខ៣៧១ សឡា ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    បើតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកToyota Hilux Revo មួយគ្រឿង ពណ៌ស ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ2BC-1659ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០០៤ (ម៉ៃដា)ពីកើតទៅលិចក្នុងល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃហើយបួងចង្កូតមកខាងស្តាំវិញឡើងលើខឿនថ្មពុះចែកទ្រូងផ្លូវជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបណ្ដាលឱ្យបាក់រាបដល់ដី រីឯរថយន្តបានបែកកង់មួយចំហៀងខាងមុខនិងខាងក្រោយហើយរងការខូចខាតយ៉ាងខ្លាំងផ្នែកខាងមុខ។ ចំណែកម្ចាស់រថយន្តបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

    ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖