ខេត្តបាត់ដំបង ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍្តទី១១ ខែសីហា ឆ្នាំ២០២២នេះថា៖ កម្លាំងសមត្ថកិច្ចជំនាញរបស់នគរបាលស្រុកភ្នំព្រឹក បានឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ ជាបន្ដបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន។
របាយការណ៍ដដែលបន្តថា លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក កាលពីយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនរួមជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ ចុះល្បាតនៅចំណុចអណ្ដូងពីរ ភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និងបង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន ០១ករណីក្នុងបទល្មើសជាក់ស្ដែងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះលឿសាលី(ហៅអឿ)ភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង រួចយកមកសាកសួរដើម្បីរកមេក្លោង។
ចំណែកវត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិច ចំនួន០២ ថង់ សង្ស័យមានសារធាតុញៀន ។
របាយការណ៍សមត្ថកិច្ចជំនាញ បានបន្ថែមទៀតថា ឆ្លងតាមចម្លេីយសារភាពរបស់ជនសង្ស័យ ឈ្មោះ លឿ សាលី និងដោយមានការអនុញ្ញាតពីលោកកែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងផងនោះនៅវេលាម៉ោង០៩និង៣០នាទីថ្ងៃ១០ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះ នៅចំណុចភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង សមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តិការរហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០១ នាក់ទៀត ឈ្មោះ យុិន សាវ័ន្ត ភេទប្រុស អាយុ ២៩ឆ្នាំរស់នៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
-វត្ថុតាងចាប់យកបានរួមមាន ៖
-ម្សៅក្រាមព៌ណសថ្លាច្រកក្នុងថង់ប្លាស្ទិចថ្លាចំនួន០៥ថង់ សង្ស័យជាសារធាតុញៀន ។
-ទូរស័ព្ទដៃចំនួន០១គ្រឿង (ចាស់)
-ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១ គ្រឿង។
-សរុបវត្ថុតាងចាប់យករួមមាន៖
-ម្សៅក្រាមព៌ណសថ្លាច្រកក្នុងថង់ប្លាស្ទិចថ្លាចំនួន០៧ ថង់ សង្ស័យមានសារធាតុញៀន ។
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១ គ្រឿង
-ទូរស័ព្ទដៃចំនួន០១គ្រឿង (ចាស់)។
ជនសង្ស័យទាំង០២ នាក់ និងវត្ថុតាងខាងលេីសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ចូនមកការិយាល័យជំនាញ ដេីម្បីចាត់បន្តតាមនីតិវិធី៕
ដោយ៖អារុណរះ