ព័ត៌មានទាន់ហេតុការណ៍៖

ភ្នំចំបាប់ នៃស្រុកបាទី ខេត្តតាកែវ ត្រូវបានឈ្មួញកាយដីភ្នំលក់ធ្វេីជាអាជីវកម្មផ្ទាល់ខ្លួន

ចែករំលែក៖

 ខេត្តតាកែវ ៖ តាមប្រជាពលរដ្ឋបានរាយការណ៍មកថា​ ភ្នំចំបាប់ ស្ថិតនៅក្នុងភូមិរំចេក​ ឃុំត្នោត​ ស្រុកបាទី​ ខេត្តតាកែវ​ បច្ចុប្បន្នកំពុងត្រូវបានក្រុមឈ្មួញសម្រុកដាក់គ្រឿងចក្រ កាយដីយកទៅលក់យ៉ាងអានាធិបតេយ្យធ្វេីជាកម្មសិទ្ធផ្ទាល់ខ្លួនរយៈពេលជាងមួយសប្តាហ៍មកហើយ ។

  ប្រជាពលរដ្ឋរស់នៅភូមិរំចេក​ ឃុំត្នោត​ ស្រុកបាទី​ ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ រៀបរាប់ឱ្យដឹងថា ភ្នំចំបាប់ប៉ុន្មានឆ្នាំមុន ក៏មានក្រុមហ៊ុនគាស់ កកាយ ដាក់គ្រាប់បែកបំផ្ទុះ យកថ្មភ្នំលក់រាប់ឆ្នាំ ដែលធ្វើឱ្យបាត់បង់រូបរៀងភ្នំស្ទើរមួយចំហៀងបាត់ទៅហើយ ប៉ុន្តែដោយសារមានការទទូចស្នើសុំម្តងហើយម្តងទៀតពីសំណាក់បងប្អូនប្រជាពលរដ្ឋរស់នៅក្បែរជើងភ្នំ ទើបមានការអន្តរាគមន៍ពីអាជ្ញាធរទប់ស្កាត់លែងឱ្យមានសកម្មភាពកាយថ្មភ្នំបន្តទៀត ។

  ប្រជាពលរដ្ឋរៀបរាប់បន្តថា បច្ចុប្បន្ននេះស្រាប់តែមានឈ្មួញធ្វើសកម្មភាពកាយដីភ្នំចំបាប់យកទៅលក់យ៉ាងអានាធិបតេយ្យរយៈពេលជាងមួយសប្តាហ៍មកហើយ ដោយមិនទាន់ឃើញមានសមត្ថកិច្ច អាជ្ញាធរចុះមកត្រួតពិនិត្យ  ដើម្បីទប់ស្កាត់នៅឡើយ ។ 

  ពលរដ្ឋលើកជាសំនួរសួថា សកម្មភាពកាយដីភ្នំចំបាប់លក់យ៉ាងអានាធិបតេយ្យបែបនេះ តើអាជ្ញាធរស្រុកបាទី ជាពិសេស អាជ្ញាធរខេត្តតាកែវ ដឹង ឬមិនដឹង ? ឬក៏ដឹងហើយ តែធ្វើមិនដឹង ? ។

  ចំពោះបញ្ហានេះបងប្អូនប្រជាពលរដ្ឋរស់នៅភូមិរំចេក​ ឃុំត្នោត​ ស្រុកបាទី​ ខេត្តតាកែវ ទាំងអស់ សូមសំណូមពរអាជ្ញាធរស្រុកបាទី ជាពិសេសលោក អភិបាលខេត្តតាកែវ មេត្តាជួយត្រួតពិនិត្យទប់ស្កាត់ក្នុងការថែរក្សាស្ថានភាពភ្នំចំបាច់ឱ្យបាននៅគង់វង់យូរអង្វែងទុកជាកេរ្តិ៍តំណែលសម្រាប់កូន ចៅជំនាន់ក្រោយៗ បានស្គាល់ផង ។

  ពាក់ព័ត៌មានករណីកាយដីភ្នំចំបាក់យកទៅលក់យ៉ាងអានាធិបតេយ្យ លោក ភួន ឈីម អភិបាលស្រុកបាទី ឆ្លើយតបជាមួយ ក្រុមការងារសារព័ត៌មាននាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ តាមរយៈទូរស័ព្ទ ថា លោកមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយនោះទេ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖