ខេត្តរតនគិរី ៖ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តរតនគិរីនៅព្រឹកថ្ងៃទី ១១ ខែសីហាឆ្នាំ២០២២ នេះបានដឹងថា ស្ថានភាពទឹកទន្លេស្រែពកបាននិងកំពុងកើនឡើងដល់ចំណុចប្រកាសអាសន្នហើយ។ ជាមួយនោះខាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយក៏បានត្រៀមបម្រុងដើម្បីជួយជម្លៀសប្រជាពលរដ្ឋហើយទៅកាន់ទីទួលសុវត្ថិភាពហើយដែរ។
តុល្យការនៃទឹកទន្លេស្រែពកនៃស្រុកលំផាត់ បានហក់ឡើងជាបន្តបន្ទាប់ គួរឲ្យព្រួយបារម្ភ ខណ:អាជ្ញាធរបានឲ្យប្រជាពលរដ្ឋជម្លៀសសត្វពាហនៈ និងមនុស្សមកទីទួលសុវត្ថិភាពជាបណ្ដើរៗហើយ។ ប៉ុន្តែនៅទឹកទន្លេសេសានមិនទាន់បានប្រកាសអាសន្ននៅឡើយទេ បន្ទាប់ពីទឹកជំនន់បានហក់ឡើងមកនោះ។
លោក អ៊ុំ វណ្ណា ប្រធានមន្ទីរធនធានទឹកខេត្តរតនគិរីបានឲ្យដឹងតាមប្រព័ន្ធតេលេក្រាមនៅព្រឹកថ្ងៃទី១១ ខែសីហា ថា ទឹកទន្លេសេសានស្ថានីយកាចូនទឹកឡើងដល់កំពស់ ៨.៥០mនៅម៉ោង០៦:០០នាទីព្រឹក ដល់ម៉ោង០៥និង ៣២នាទីល្ងាច ហើយទឹកស្រកចុះ។ ដោយឡែកនៅទឹកទន្លេស្រែពកស្ថានីយលំផាត់(កំពស់ទឹកប្រកាសអាសន្ន១២.៥០m)
-ម៉ោង០៦:០០AM =១២.៦០m
-ម៉ោង០៩:០០AM =១២.៨០m
-ទឹកឡើង =០.២០m
ទឹកទន្លេស្រែពកនៅតែបន្តហក់ឡើងបន្ថែមទៀត។
លោកប្រធានមន្ទីរបន្តថា មន្ទីរជុំវិញខេត្តបានជួយឧបត្ថម្ភប្រេងសាំងចំនួន៨ប៊ីដុង ស្មើនិង២៤០លីត្រ ទៅដល់អាជ្ញាធរស្រុកលំផាត់ ដើម្បីជួយសម្រួលក្នុងការដឹកជម្លៀសប្រជាពលរដ្ឋនៅតាមដងទន្លេស្រែពក យកមកទីទួលសុវត្ថិភាព៕
ដោយ៖ សូរិយា