ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានអំពាវនាវដល់អ្នកពាក់ព័ន្ធធ្វើការការពារអភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព

ចែករំលែក៖

ខេត្តកំពង់ធំ ៖ លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថានអំពាវនាវដល់អ្នកពាក់ព័ន្ធធ្វើការការពារ អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព ។

លោក សៅ សុភាព បានអំពាវនាវក្នុងនៅក្នុងសិក្ខាសាលា “ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ធំ ។

    សិក្ខាសាលានេះបានរៀបចំដោយក្រសួងបរិស្ថាន”ផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិ” ដល់ មន្រ្តីកងកម្លាំងប្រដាប់អាវុធ មន្រ្តីឧទ្យានុរក្ស មន្រ្តីអនុវត្តច្បាប់ និងអាជ្ញាធរដែនដីពាក់ព័ន្ធ នៅក្នុងខេត្តកំពង់ធំជិត១០០នាក់ ក្រោមការផ្តួចផ្តើមគំនិតរបស់លោកបណ្ឌិត សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

     លោកបន្តថាគោលបំណងនៃការរៀបចំសិក្ខាសាលានេះគឺដើម្បីផ្សព្វផ្សាយនិងបញ្ជៀបការយល់ដឹងដល់ភាគីពាក់ព័ន្ធដើម្បីឱ្យមានការយល់ដឹងអំពីទិដ្ឋភាពច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិព្រមទាំងដើម្បីចូលរួមចំណែកទាំងអស់គ្នាក្នុងការការពារអភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព នៅក្នុងតំបន់ការពារធម្មជាតិដើម្បីជាឧត្តមប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជាតកូនតចៅជំនាន់ក្រោយនិងមនុស្សជាតិទាំងមូលនិងធ្វើការការពារអភិរក្សនិងគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាពគឺតម្រូវឱ្យមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទើបអាចសម្រេចតាមផែនការនិងគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នៃផែនការយុទ្ធសាស្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីដែលលោកតែងយកចិត្តទុកដាក់និងគិតគូរដល់ការការពារនិងអភិរក្សធនធានធម្មជាតិ។

      លោកបន្តទៀតថាស្របតាមគោលបំណងនិងគោលដៅនៃការអនុវត្តគោលនយោបាយនិងផែនការគាំទ្រដល់ការ អភិវឌ្ឍ និងបន្ថែមលើសិក្ខាសាលាកន្លងមកដែលបានផ្សព្វផ្សាយអំពីសារៈសំខាន់នៃការការពារបរិស្ថានគឺ÷

១.ច្បាប់ពាក់ព័ន្ធនឹងបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិ ។

២.ប្រភេទបទល្មើសបរិស្ថាន និងធនធានធម្មជាតិ។

៣.តួនាទីនៃមន្ត្រីនគរបាលយុត្តិធម៏ និងភ្នាក់ងារមន្ត្រីនគរបាលយុត្តិធម៌ក្នុងការពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធ។

៤.ការពង្រឹងការអនុវត្តច្បាប់ទៅតាមនីតិវិធី និងកម្រិតនៃស្ថានទម្ងន់ទោសនៃបទល្មើសធនធានធម្មជាតិ។

៥.នីតិវិធីកសាងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ។

       លោកបន្ថែមថាការអនុវត្តនិងការពង្រឹងច្បាប់ទាក់ទងនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាដូចជា៖ទស្សនទាននៃគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការលើវិស័យបរិស្ថាន ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពពាក់ព័ន្ធនឹងលក្ខណៈសម្បត្តិ«អនាម័យ សោភ័ណភាព និងបរិស្ថានល្អ»សញ្ញាណទូទៅនៃទ្រព្យសម្បត្តិរដ្ឋនិងទ្រព្យសម្បត្តិរបស់តំបន់ការពារធម្មជាតិ    សញ្ញាណទូទៅនៃច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិ (តំបន់ការពារធម្មជាតិ ព្រៃឈើ ជលផល) ដែលនឹងត្រូវបានសម្របសម្រួលដោយក្រុមអ្នកច្បាប់របស់ក្រសួងបរិស្ថាន ។

     ចុងក្រោយលោក សៅ សុភាព បានជម្រុញដល់សិក្ខាកាមទាំងអស់ត្រូវចិត្តទុកដាក់ស្ដាប់គ្រូឧទេ្ទសដើម្បីយកជាបទពិសោធន៍ក្នុងការអនុវត្តនៅក្នុងការងាររបស់ខ្លួនឲ្យបានល្អប្រសើរនិងត្រឹមត្រូវ ៕

ដោយ៖ មុន្នី


ចែករំលែក៖