ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថ​ខេត្តបញ្ជូនជនសង្ស័យ១នាក់ករណីគ្រឿងញៀន​ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ​ ចាត់ការ

ចែករំលែក៖

 ខេត្តបន្ទាយមានជ័យ​៖ ជនសង្ស័យជួញដូរគ្រឿងញៀន​ម្នាក់ត្រូវ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងនៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១១​ ខែសីហា​ ឆ្នាំ​២០២២នេះ​ដើម្បីចាត់ការបន្ត ៕ លោក យ៉ាន់​ សុវណ្ណ​ មេបញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័​ណ​បានឱ្យដឹងថា​កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឃាត់ខ្លួនជនសង្ស័យម្នាក់​ ដោយខុសច្បាប់នូវសារធាតុញៀន​ រួមនឹងវត្ថុតាង​ កាលពីវេលាម៉ោង ២០និង៤៥នាទី ថ្ងៃទី១០​ ខែសីហា​ ឆ្នាំ​២០២២ ស្ថិតនៅចំណុចផ្លូវរថភ្លើង ស្ថិតក្នុងភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ 

 កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានចុះល្បាតការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ក្នុងភូមិសាស្រ្តក្រុង​ ហើយក៏បានប្រទះឃើញមនុស្សប្រុសម្នាក់គួរឱ្យសង្ស័យ ទើបកម្លាំងរបស់លោកហៅមកសួរនាំស្រាប់តែជនសង្ស័យខាងលើស្ទុះរត់គេចខ្លួន តែត្រូវកម្លាំងលោកឃាត់ខ្លួនបានភ្លាមៗ​ និងធ្វើការឆែកឆេរលើខ្លួនបុរសនោះ មានគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន០១កូនថង់កិប ទម្ងន់ ១.៤៧ក្រាម,​ ថ្នាំគ្រាប់ពណ៌ក្រហមក្បឿងចំនួន០៥គ្រាប់ ទម្ងន់ ០,៤៨ក្រាម​, ម៉ូតូ​១គ្រឿង​ រួមនឹងសម្ភារៈមួយចំនួន ។

   ជនសង្ស័យ​ដែលឃាត់ខ្លួនឈ្មោះ ប៉ក់ ស៊ីណា ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិសែសិន​ សង្កាត់​អូរអំបិល​ ក្រុងសិរីសោភ័ណ​។ 

ជនសង្ស័យរូបនេះក្រោយពីកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសួរនាំរួចបានឆ្លើយសារភាពថា​ ខ្លួនពិតជាបានយកគ្រឿងញៀនខាងលើមកលក់ដូរ និងទុកសម្រាប់ប្រើប្រាស់ខ្លួនឯងផងពិតប្រាកដមែន ។ 

ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងផងនោះ ទើបកម្លាំងមូលដ្ឋានអាវុធហត្ថ​ក្រុង​សិរីសោភ័ណ​ កសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាង មក​បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តចាត់ការបន្តតាមនីតិវិធី   

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា ការបង្ក្រាបករណីគ្រឿងញៀនខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ 

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន​ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖