ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការរងបញ្ជាការដ្ឋានយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំយោធភូមិភាគទី៥

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ថៃ្ងព្រហស្បតិ៍ ១៤កើតខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែ សីហា ឆ្នាំ២០២២ នៅទីបញ្ជាការដ្ឋានយោធភូមិភាគ៥ ។

 ឧត្តមសេនីយ៍ត្រី ង្វៀន វ៉ាន់ទៀន (NGUYEN VAN TIEN) មេបញ្ជាការរង បញ្ជាការដ្ឋានយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម  និងសមាជិកប្រតិភូ អមដំ ណើរជាច្រើនរូបទៀត បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នៅសាលប្រជុំយោធភូមិភាគទី៥។

ឧត្តមសេនីយ៍ត្រី ង្វៀន វ៉ាន់ទៀន (NGUYEN VAN TIEN) បានមានប្រសាសន៍បញ្ជាក់ពីគោលបំណង នៃដំណើរបំពេញទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា គឺដើម្បីចូលរួមសួរសុខទុក្ខ ដល់បណ្តាអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាពិសេសដល់បញ្ជាការដ្ឋានយោធភូមិភាគទី៥ ដៃគូសម្ព័ន្ធមេត្រីភាព និងបញ្ជាការដ្ឋានយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម។ 

ឧត្តមសេនីយ៍ត្រី ង្វៀន វ៉ាន់ទៀន (NGUYEN VAN TIEN) បានបន្តទៀតថា ដោយការខកខានអស់រយៈពេល២ឆ្នាំមកនេះ បណ្តាលមកពីបញ្ហានៃវិបត្តិជំងឺកូវីដ-១៩ រីករាលដាលជាសកល និងការធូស្រាលនៃជំងឺនេះ នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយអង្គភាពដៃគូសម្ព័ន្ធមេត្រីភាពដើម្បីបង្កើននូវចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ ស្របតាមពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី  កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង”។

ជាការឆ្លើយតប ឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានលើកឡើងពីចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេស និងប្រជាជនទាំងពីរ កម្ពុជា-វៀតណាម ព្រមទាំងបានថ្លែងអំណរគុណចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជាជារៀងរហូតមក នូវគ្រប់គ្រាដែលជួបការលំបាក។

ឧត្តមសេនីយ៍ទោ សេង ធារិន បានបន្តទៀតថា កម្ពុជា-វៀតណាម ជាប្រទេសដែលមានភូមិផងរបងជាប់គ្នា និងមានប្រវត្តិសាស្ត្រជួយគ្នាទៅវិញទៅមក ហើយប្រពៃណីដ៏ល្អនេះយើងនៅតែបន្តរក្សាតទៅទៀត ជាពិសេសត្រូវសហការគ្នា និងអភិឌ្ឍលើគ្រប់វិស័យ បន្តនូវកិច្ចសហប្រតិបត្តិការពូនជ្រំឲ្យកាន់តែជិតស្និទ្ធទ្វេឡើងថែមទៀត រវាងប្រជាជននៃប្រទេសទាំងពីរនិយាយជារួម និងនិយាយដោយឡែក រវាងបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម។

ជាចុងក្រោយ ឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានជូនពរ ឧត្តមសេនីយ៍ត្រី ង្វៀន វ៉ាន់ទៀន (NGUYEN VAN TIEN) និងប្រតិភូក្នុងដំណើរបេសកម្មការងារ សូមសម្រេចជោគជ័យគ្រប់ភារកិច្ច និងគោលដៅ ដែលបក្ស រដ្ឋាភិបាល និងប្រជាជនបានប្រគល់ជូន៕

ដោយ៖ សូរិយា


ចែករំលែក៖