ភ្នំពេញ ៖ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា, (ស.ស.ស.ក) នៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំប្រតិភូ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ សពលោកយាយ មហាឧបាសិកាកុសលចិត្តាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត ម្ដាយក្មេកឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅភូមិគ្រឹះលេខ ៣៨ ផ្លូវ ២៨៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា, សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏បានផ្ញើសារលិខិតរំលែកទុក្ខសូមគោរពជូន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកជំទាវ ទេព រង្សុី
ឯកឧត្តម និង លោកជំទាវ ជាទីគោរពដ៏ជ្រាលជ្រៅបំផុត! តាងនាមឱ្យថ្នាក់ដឹកនាំ និង សមាជិក សមាជិកា នៃ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) យើងខ្ញុំសូមសម្ដែងនូវសេចក្ដីសោកស្តាយឥតឧបមាចំពោះដំណឹងដ៏ក្រៀមក្រំ ដែល មហាឧបាសិកាកុសលចិត្តពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត ត្រូវជាម្តាយ ម្តាយក្មេករបស់ ឯកឧត្តម និង លោកជំទាវបានទទួលមរណភាពនៅវេលាម៉ោង ៩:១៥ព្រឹក ថ្ងៃអង្គារ៍ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ក្នុងជន្មាយុ៩២ឆ្នាំ ដោយជរាពាធ។
នៅក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ និងក្នុងឱកាសនៃការសង្រួមចិត្តសោកស្តាយ ជាពន់ពេកចំពោះការបាត់បង់ដ៏ធំធេងរបស់ ឯកឧត្តម និងលោកជំទាវព្រមទាំងក្រុមគ្រួសារទាំងមូល យើងខ្ញុំសូមសម្តែងនូវក្តីស្រណោះអាឡោះអាល័យចំពោះការបាត់បង់ មហាឧបាសិកាកុសលចិត្តពុទ្ធ សាសនូបត្ថម្ភក៍ ពេន យុត ដែលត្រូវជាអ្នកម្តាយ ម្តាយក្មេក ជីដូន ជីទួត ប្រកបដោយព្រហ្មវិហារធម៌ដ៏ ជ្រាលជ្រៅចំពោះកូនៗ និងចៅៗ និងពេញមួយជីវិតរបស់មហាឧបាសិកា បានតស៊ូលះបង់កម្លាំងកាយ ចិត្ត ធនធាន និងបញ្ញាស្មារតី ក្នុងការលើកស្ទួយដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជាឲ្យកាន់តែមាន ការរីកចម្រើននាពេលកន្លងមក។
យើងខ្ញុំ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកាកុសលចិត្តពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តម និង លោកជំទាវ មេត្តាទទួលនូវមនោសញ្ចេតនានិងការចូលរួមរំលែកទុក្ខដ៏ ក្រៀមក្រំអំពីយើងខ្ញុំទាំងអស់គ្នា៕
ដោយ ៖ សុខ ខេមរា