ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ាណែត ៖ ត្រូវមានមោទនភាពលើអ្វីដែលខ្លួនធ្វើបាន មិនបាច់ខ្វល់រឿង Share និង Like នោះទេ ត្រូវគាំទ្រផលិតផលខ្មែរខ្លួនឯង !

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត  អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនី នៃសិល្បៈទាំង៧ទម្រង់ កាលពីថ្ងៃទីសៅរ៍ ទី០៦ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ បានលើកឡើងបែបនេះថា, “ត្រូវមានមោទនភាពលើអ្វីដែលខ្លួនធ្វើបាន មិនបាច់ទៅខ្វល់នឹងរឿង Share និង Like នោះទេ”។

សូមបញ្ជាក់ថា, តាមរយៈវីដេអូក្នុងពិធីសំណេះសំណាលដែលទើបបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៤ ខែសីហានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសរំលេចពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន បានត្អូញត្អែរពីស្នាដៃរបស់ខ្លួនជាមរតកសិល្បៈខ្មែរ ដូចជាចម្លាក់ជាដើម មិនសូវមានការគាំទ្រលើបណ្តាញសង្គម ពោលមិនមានអ្នក Share ឬ Like ច្រើនដូចរឿងរ៉ាវជម្លោះគ្រួសារ។

លោក ហ៊ុន ម៉ាណែត បានចាត់ទុកការត្អូញត្អែរបែបនេះ គឺជាការបន្ទាបតម្លៃស្នាដៃរបស់ខ្លួន។ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះ «កុំសំខាន់រឿង Like មិន Like នោះ។ វាអត់សំខាន់ វាសំខាន់យើងមានស្នាដៃលើកស្ទួយរួចទៅហើយ»។ លោកថា, បើយើងមិនលើកស្នាដៃ គាំទ្រផលិតផលរបស់ខ្មែរយើង ទៅគាំទ្រអោយអ្នកណា ! យើងត្រូវគាំទ្ររបស់ខ្មែរយើង ។ 

លោកបានបន្ថែមថា «ខ្ញុំមិនចង់ឱ្យមានការបាក់ទឹកចិត្ត។ កុំផ្តោតលើរឿង Like មិន Like បើយើងមានរបស់ល្អបង្ហោះទៅឱ្យបងប្អូនគាត់មើល។ បងប្អូនគាត់ឃើញគាត់ Share តែ១នាក់ Share ក៏ល្អដែរ»។

លោកបណ្ឌិត ហ៊ុន ម៉ាណែត  អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកថ្លែងថា,  ក៏បានបង្ហាញការគាំទ្រចំពោះការវិវឌ្ឍនៃភាពយន្តកម្ពុជាផងដែរ។ លោកបានលើកឡើងថា ទោះបីភាពយន្តនោះមិនអាចប្រៀបធៀបជាមួយហូលីវូដ តែជារឿងកោតសរសើរព្រោះការផលិតនោះ មានកិច្ចខិតខំក្នុងការប្រមូលផ្តុំ និងកៀរគរដើម្បីផលិត។

នៅក្នុងវីដេអូជាសារដ៏ខ្លីមួយតាមរយះ facebook នៅថ្ងៃនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានឆ្លៀតរំលេចបញ្ហារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពេលអញ្ជើញទៅដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក កាលពីខែឧសភាផងដែរ។

លោក ហ៊ុន ម៉ាណែត បានរំលឹកថា ដំណើរនាពេលនោះ មានប្រជាពលរដ្ឋខ្មែរជាច្រើនបានគាំទ្រសម្តេចតេជោ ដែលជាកិត្តិយសដ៏ធំធេងសម្រាប់កម្ពុជា ហើយមិនគួរទៅចាប់អារម្មណ៍នឹងបុគ្គលម្នាក់ដែលប្រព្រឹត្តទង្វើមិនគួរគប្បីលើសម្តេចនោះឡើយ។

សូមបញ្ជាក់ថា, លោកបណ្ឌិត ហ៊ុន ម៉ាណែត ស័ក្តិសមណាស់ជាថ្នាក់ដឹកនាំបន្តវេន ទាំងចំណេះដឹង បទពិសោធន៍ គុណធម៌ សច្ចធម៌ លោកមានទាំងព្រម និងបន្សល់ទុកកេរ្តិ៍ឈ្មោះកិត្តិយសល្អបំផុត ដែលគួរគោរព ស្រឡាញ់ “ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់” ឆន្នះស្នេហាជាតិ លើកតម្កល់ផលប្រយោជន៍ជាតិជាធំ ការពារព្រះមហាក្សត្រ ការពារសន្តិភាព ចាប់យកការអភិវឌ្ឍន៍ប្រទេសជាតិ ជាចម្បង ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រី គណបក្សប្រជាជនកម្ពុជា ពោរពេញដោយ សមត្ថភាព និងប្រជាប្រិយភាពបំផុតជាមួយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ៕


ដោយ ៖ សិលា


ចែករំលែក៖