ខេត្តបាត់ដំបង ៖ ប្រតិបត្តិតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារក្រឡាហោមមនុស្សធម៌នាំយកអំណោយផ្ដល់ជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាពចំនួន២៧៦គ្រួសារ។ នេះជាការបញ្ជាក់ពីផេកសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២។
អញ្ជើញចូលរួមក្នុងកិច្ចមនុស្សធម៌នាឱកាសនោះដែរ រួមមាន លោក ច័ន្ទ សុផល អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង ព្រមទាំងអស់លោក លោកស្រី និងយុវជនស្ម័គ្រចិត្តនៃក្រុមការងារក្រឡាហោមមនុស្សធម៌ បាត់ដំបង ជាច្រើនរូបទៀត។
តំណាងគ្រួសារប្រជាពលរដ្ឋដែលអញ្ជើញមកទទួលអំណោយសម្ដេចក្រឡាហោម និងលោកជំទាវ នាឱកាសនោះ អញ្ជើញមកពីភូមិចំនួន១៣ នៃឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។ អំណោយដែលបានផ្ដល់ជូនរួមមាន អង្ករ១ការ៉ុង មី១កេស ត្រីខ១យួរ មី១កេស ទឹកស៊ីអ៊ីវទឹកត្រី១យួរ ទឹកសុទ្ធ២កេស ព្រមទាំងម៉ាស់និងអាល់កុល។
លោក ខាន់ ម៉ាណេរ ក៏បានជម្រាបជូនប្រជាពលរដ្ឋនូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកដ៏ជ្រាលជ្រៅពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម និងការថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានចូលរួមគាំទ្រការដឹកនាំរាជរដ្ឋាភិបាល ស្រលាញ់សុខសន្តិភាព និងការអភិវឌ្ឍ។
លោកបានអំពាវនាវប្រជាពលរដ្ឋ បន្តអនុវត្តវិធានការសុខាភិបាលដើម្បីបង្កាជំងឺកូវីដ-១៩ ជាពិសេសអញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នាតាមកាលកំណត់របស់មន្ត្រីសុខាភិបាល ដើម្បីរួនគ្នាបង្កើតភាពសាំសហគមន៍ ជាប្រយោជន៍សម្រាប់ការបន្តអភិវឌ្ឍសេច្ឋកិច្ច និងសង្គម៕
ដោយ ៖ សិលា