ខេត្តពោធិ៍សាត់ ៖ ក្រុមការងារអង្គការដើម្បីការពារអភិរក្សធនធានធម្មជាតិ សហការជាមួយកម្លាំងអង្គការ សម្ព័ន្ធមិត្តសត្វព្រៃ(ហ្វាយអេត)បង្រ្កាបបទល្មើសធនធានធម្មជាតិ(ព្រៃឈើ)ដោយឃាត់ចាប់គោយន្តកន្រ្តៃចំនួន៣គ្រឿង ខណៈកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើអារជាក់ស្ដែង ដើម្បីយកទៅបន្តនីតិវិធី ។
ករណីសមត្ថកិច្ចសហការបង្រ្កាបការដឹកជញ្ជូនឈើអារនេះ ធ្វើឡើងនៅវេលាទាបភ្លឺ ឈានចូលថ្ងៃអាទិត្យ ២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅភូមិគល់ទទឹង ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
លោក ឈួន ដោងរិទ្ធី មន្ត្រីអង្គាការ ដើម្បីការពារអភិរក្សធនធានធម្មជាតិ បានឲ្យដឹងថា ឈើអារបួនជ្រុងមុខកាត់ធំៗមានប្រវែងចាប់ពី២ម៉ែត្រទៅ៤ម៉ែត្រ ដែលគេដឹកជញ្ជូនតាមមធ្យោបាយគោយន្តកន្រ្តៃត្រូវបានបង្រ្កាបនោះ បច្ចុប្បន្ន យកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅស្នាក់ការសម្ព័នមិត្តសត្វព្រៃ(ហ្វាយអេត)ដើម្បីរង់ចាំបន្តនីតិវិធី ។
ដោយឡែកៈ បើយោងប្រភពពីអ្នកបើកបរគោយន្តកន្រ្តៃដឹកឈើនោះផ្ទាល់បង្ហើបថា ឈើទាំងអស់នេះដឹកចេញពីតំបន់ជួរភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់(ជាតំបន់ព្រៃការពារ)ដោយចាំពេលវេលាយូរថ្ងៃទើបបានលទ្ធផលប៉ិននេះ ហើយត្រូវចំណាយលុយច្រើនទៀត ព្រោះត្រូវបង់លុយឲ្យមន្រ្តីបរិស្ថានប្រចាំស្នាក់ការ(អំពិល)លុះមកដល់ចំណុចអូរជ្រៅត្រូវឲ្យលោក ជូ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងយោធាដឺបេទៀតផងដែរ ថែមទាំងមេព្រៃសង្កាត់រដ្ឋបាលព្រៃឈើលាច និងសមត្ថកិច្ចស្ទើរមួយស្រុកភ្នំក្រវាញតែម្ដង ឥឡូវត្រូវបានសមត្ថកិច្ចចាប់បង្ហើយតែម្ដង ៕
ដោយ៖ ប៉ឹម ពិន