ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត គុណ ញឹម បាននាំយកជំនួយឧបត្ថម្ភរបស់សមាគមសង្គហមិត្តមន្ត្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រគល់ជូនដល់សាលាបច្ចេកទេសដុនបូស្គូ ខេត្តកែប

ចែករំលែក៖

ខេត្តកែប ៖ នាព្រឹក ថ្ងៃអាទិត្យ ២ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អមដោយក្រុមការងារសប្បុរសធម៌ នៃអគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជា បាននាំយកជំនួយឧបត្ថម្ភរបស់សមាគមសង្គហមិត្តមន្ត្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រគល់ជូនដល់សាលាបច្ចេកទេសដុនបូស្គូ ខេត្តកែប។

តាមរបាយការណ៍របស់លោក សេន រ៉ា នាយកសាលាបច្ចេកទេសដុនបូស្គូ បច្ចុប្បន្ននេះ សាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប បាននិងកំពុងទទួលបន្ទុកចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រា ផ្គត់ផ្គង់កុមារអាយុចាប់ពី១២ ឆ្នាំដល់១៨ឆ្នាំ ចំនួន ៥០នាក់ ឱ្យបានទទួលការសិក្សារៀនសូត្រនៅសាលារដ្ឋ និងមានបង្រៀនជំនាញបច្ចេកទេសដល់យុវជនយុវនារីក្រីក្រសរុបចំនួន ២៥៦ នាក់ ដោយឥតគិតថ្លៃ និងមានបុគ្គលិកបម្រើការងារចំនួន ៤៣ នាក់។ នៅក្នុងទីតាំងរបស់អង្គការផ្ទាល់ មានបង្រៀនជំនាញបច្ចេកទេសចំនួន៤គឺ ផ្នែកអគ្គិសនី ផ្នែកព័ត៌មានវិទ្យា ផ្នែកលេខាធិការ និងបដិសណ្ឋារកិច្ច និងជំនាញប្រព័ន្ធផ្សព្វផ្សាយ ដល់សិស្សដែលបានចប់បាក់ឌុប និងពុំមានលទ្ធភាពបន្តការសិក្សានៅសកលវិទ្យាល័យ។ ជាមួយគ្នានេះដែរ លោក យូ ជីន អធិការសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ តំណាងឲ្យលោក លី សំណាង អគ្គនាយកសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប ជួសមុខឱ្យកុមារកំព្រា សិស្សបច្ចេកទេស និងបុគ្គលិកទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករទាំងអស់ ចំពោះទឹកចិត្តសប្បុរសធម៌ ចុះសួរសុខទុក្ខ និងបាននាំយកអំណោយដើម្បីចូលរួមចំណែកសម្រាលការលំបាករបស់សាលាដែលកំពុងជួបការខ្វះខាតក្នុងស្ថានការណ៍នៃការស្តារឡើងវិញក្រោយវិបត្តិកូវីត១៩។

ឆ្លៀតក្នុងឱកាសនោះដែរ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិកសាលា និងមូលនិធិដុនបូស្កូ ដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់កម្រិតវិជ្ជាជីវៈរបស់ប្រជាពលរដ្ឋផ្តល់ការអប់រំនូវជំនាញដែលសុទ្ធសឹងជាជំនាញចាំបាច់ក្នុងការបម្រើដល់សេចក្តីត្រូវការនៃការអភិវឌ្ឍន៍ក្នុងសង្គមកម្ពុជា។ ទន្ទឹមនេះ លោកបណ្ឌិត បានលើកទឹកចិត្តដល់កុមារ និងសិស្ស ទាំងអស់ឲ្យខិតខំរៀនសូត្រ និងបានក្រើនរំលឹកឲ្យបន្តថែរក្សាសុខភាព ដោយការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការអនាម័យ និងចាក់វ៉ាសាំងតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានគ្រប់គ្នា។គួរបញ្ជាក់ផងដែរថា នេះជាលើកទី២ ហើយ ដែលក្រុមការងារសប្បុរសធម៌បានចុះសួរសុខទុក្ខ និងនាំយកអំណោយនៃមូលនិធិសប្បុរសធម៌ក្រោមក្របខណ្ឌសមាគមសង្គហមិត្តមន្ត្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាជូនដល់សាលាបច្ចេកទេសដុនបូស្កូខេត្តកែប។ ជំនួយឧបត្ថម្ភនាឱកាសនេះ មានដូចជា អង្ករ ២ តោន, មីជាតិ ៣០ កេស, ត្រីខកំប៉ុង ៥ កេសធំ, ទឹកស៊ីអ៊ីវ ១០ យួរ, ទឹកត្រី ១០ យួរ, ប្រេងឆា ៥០ លីត្រ, ស្ករស ១០០ គីឡូក្រាម, សាប៊ូដុំលាងដៃ ២ កេស, សាប៊ូម្សៅ ៦៤ គីឡូក្រាម, អាល់កុល ៦០ លីត្រ, ម៉ាស់ ១០០០ បន្ទះ ព្រមទាំងថវិកាមួយចំនួនផងដែរ៕

ដោយ៖ សហការី


ចែករំលែក៖