ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ភីមម៉ាក់ចាន់ វង្សបញ្ញា នាយការិយាល័យអនុព័ន្ធយោធាឡាវប្រចាំកម្ពុជា ដែលត្រូវចប់អាណត្តិចូលជួបសម្ដែងការគួរសម និងជម្រាបលា ហើយក្នុងឱកាសនោះ លោកវរសេនីយ៍ឯក វីឡៃសន ស៊ីស៊ុមបាត់ នាយការិយាល័យអនុព័ន្ធយោធាឡាវដែលទើបតែងតាំងថ្មី ក៏បានចូលជួបសម្ដែងការគួរសមផងដែរ។
ក្នុងកិច្ចសន្ទនាគ្នានោះ លោកវរសេនីយ៍ឯក ភីមម៉ាក់ចាន់ វង្សបញ្ញា បានសម្ដែងការអរគុណចំពោះលោកនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការដែលបានអនុញ្ញាតឱ្យរូបលោកនិងក្រុមការងារចូលជួបសម្ដែងការគួរសម និងជម្រាបលានាឱកាសនេះ។
លោកវរសេនីយ៍ឯក ភីមម៉ាក់ចាន់ វង្សបញ្ញា បានលើកឡើងថា ក្នុងរយៈពេលជាង៣ឆ្នាំមកនេះ លោកមានការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកវរសេនីយ៍ឯកអនុព័ន្ធយោធាឡាវ ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទដែលបានចូលរួមកិច្ចសហការជិតស្និទ្ធនៅគ្រប់សកម្មភាព ធ្វើឱ្យបេសកកម្មការទូតរបស់លោកនៅព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យ។
ក្នុងកិច្ចឆ្លើយតប លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតយោធា របស់លោកវរសេនីយ៍ឯក ភីមម៉ាក់ចាន់ វង្សបញ្ញា និងបានស្វាគមន៍ចំពោះលោកវរសេនីយ៍ឯក វីឡៃសន ស៊ីស៊ុមបាត់ ដែលទើបទទួលបានការតែងតាំងថ្មី ជានាយការិយាល័យអនុព័ន្ធយោធាឡាវប្រចាំកម្ពុជា។
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីស្ថានភាពមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ទទួលបានជោគជ័យ ឈានទៅគ្រប់គ្រងបានការឆ្លងរីករាលដាលក្នុងសហគមន៍ និងកំពុងបើកសេដ្ឋកិច្ចប្រទេសឡើងវិញ។
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានរំលឹកឡើងវិញនូវទំនាក់ទំនងជាប្រពៃណីដែលប្រទេសទាំងពីរធ្លាប់មានតាំងពីយូរលង់មក ហើយបច្ចុប្បន្នក៏នៅតែបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ក្នុងនាមប្រទេសភូមិផងរបងជាមួយគ្នា។
ដោយឡែកលើវិស័យយោធា នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងការពារជាតិ និងអគ្គបញ្ជាការប្រទេសទាំងពីរតាមរយៈការចុះអនុស្សរណៈយោគយល់គ្នា ការហ្វឹកហ្វឺនបណ្ដុះបណ្ដាលធនធានមនុស្ស និងការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមកជាដើម។
នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ក៏បានផ្តាំផ្ញើការថ្លែងអំណរគុណចំពោះលោកប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩កន្លងទៅ និងមានជំនឿថា តាមរយៈនាយការិយាល័យអនុព័ន្ធយោធាថ្មី កងទ័ពប្រទេសទាំងពីរនឹងបន្តពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត៕
ដោយ៖ សិលា