ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូមិនបានសម្រេចម្ចាស់មកទាន់ដេញចាប់បានម្នាក់ប្រគល់ជូនសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមកធ្វេីសកម្មភាពលួចយកម៉ូតូមួយគ្រឿងទៀតខណៈដែលម្ចាស់ចតនៅចិញ្ចើមផ្លូវហេីយឡេីងទៅលេីផ្ទះមួយភ្លែតតែលួចមិនបានសម្រេចដោយម្ចាស់ឃេីញទាន់ដេញចាប់បានម្នាក់ប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង០២និង៤០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្លូវបេតុង ក្រុមទី៥ ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    ជនសង្ស័យឈ្មោះ ជិន សុវណ្ណារ៉ា ហៅ សុខលាង ភេទប្រុស អាយុ២៨ឆ្នាំ​ មុខរបរ មិនពិតប្រាកដ ស្នាក់នៅសង្កាត់ ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ 

     ជនរងគ្រោះឈ្មោះ ស៊ុម ប៊ុនធួន ភេទ ប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះជួល ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

    ម៉ូតូជនរងគ្រោះម៉ាក SCOOPY ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1IN-3861 ។

    ប្រភពព័ត៌មានបានឱ្យដឹងថា​ នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាក SCOOPY មកលេងផ្ទះជួលរបស់មិត្តស្រីនៅក្រុមទី៥ ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយចតម៉ូតូនៅលើចិញ្ចើមផ្លូវបេតុងរួចឡើងទៅបន្ទប់ជួលជាន់ទីមួយជួបមិត្តស្រី ស្រាប់តែក្រឡេកឃើញជនសង្ស័យ ចំនួន០២នាក់ជិះម៉ូតូ០១គ្រឿងម៉ាក ICON ពណ៌​ផ្កាឈូកលាយបៃតង មិនចាំស្លាកលេខ ជិះត្រឡប់ទៅត្រឡប់មក រួច ជនសង្ស័យឈ្មោះ ជិន សុវណ្ណារ៉ា ហៅ សុខលាង បានចុះពីលើម៉ូតូរបស់ខ្លួនមកអង្គុយលើម៉ូតូជនរងគ្រោះ ពេលនោះជនរងគ្រោះបានរត់ពីលើជាន់ទីមួយចុះមកក្រោមដេញចាប់ជនសង្ស័យជាមួយបងប្អូនប្រជាពលរដ្ឋក្នុងភូមិដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ហើយព្រួតគ្នាវាយទៅលើជនសង្ស័យបណ្ដាលឱ្យរងរបួសបែកមុខបែកមាត់ផងដែរ ចំណែកម្នាក់ទៀតគេចខ្លួនបាត់។ 

    ក្រោយកេីតហេតុជនសង្ស័យត្រូវបានប្រជាពលរដ្ឋប្រគល់ជូនសមត្ថកិច្ចនាំខ្លួនយកទៅចាត់ការតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖