ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីត្រៀមវាយប្រហារដោយមីស៊ីលជាទ្រង់ទ្រាយធំទៅលើប្រទេសអ៊ុយក្រែន

ចែករំលែក៖

ក្រុមចារកិច្ចយោធាឯករាជ្យបានឱ្យដឹងថា រុស្ស៊ីបានរក្សាទុកប្រព័ន្ធមីស៊ីលការពារដែនអាកាស នៅក្នុងប្រទេសបែលឡារូសដើម្បីវាយប្រហារជាទ្រង់ទ្រាយធំទៅលើទីតាំងនានាក្នុងប្រទេសអ៊ុយក្រែន។
គេហទំព័រ Hajun របស់ប្រទេសបែលឡារូសបានដកស្រង់ប្រភពព័ត៌មានពីក្រុមចារកិច្ចដែលបានឱ្យដឹងនៅថ្ងៃទី១៥ខែសីហាថា តាមរូបភាពផ្កាយរណបបង្ហាញឱ្យឃើញថា ឃ្លាំងអាវុធរបស់រុស្ស៊ីជាច្រើនបានប្រមូលផ្តុំនៅអាកាសយានដ្ឋានអន្តរជាតិ Ziabrovka នៅក្នុងប្រទេសបែលឡារូស មានចម្ងាយពីអ៊ុយក្រែន៤០ គីឡូម៉ែត្រ ។
បែលឡារូសគឺជាប្រទេសគាំទ្ររុស្ស៊ីនៅក្នុងសង្គ្រាមវាយប្រហារអ៊ុយក្រែន ។ រូបភាពផ្កាយរណបថតនៅអាកាសយានដ្ឋានបែលឡារូសបង្ហាញឱ្យឃើញថា រុស្ស៊ីត្រៀមវាយប្រហារដោយមីស៊ីលជាទ្រង់ទ្រាយធំទៅលើទឹកដីអ៊ុយក្រែនក្នុងពេលដ៏ខ្លីខាងមុខ ។ កន្លងមកមិនទាន់មានមីស៊ីលមួយគ្រាប់ណាមួយបានបាញ់ចេញពីប្រទេសបែលឡារូសនោះឡើយ។
រូបភាពផ្កាយរណបបង្ហាញឱ្យឃើញថា នៅអាកាសយានដ្ឋាន Ziabrovka មានប្រព័ន្ធមីស៊ីលពី១០-១៤ប្រព័ន្ធមីស៊ីលប្រភេទ S-400 Triumph និងប្រព័ន្ធការពារដែនអាកាស Pantsir ព្រមទាំងប្រព័ន្ធរ៉ាដាប្រភេទ KASTA-2E2 និង 48Y6 Podlyot។
ក្រុមអ្នកឯកទេសបានលើកឡើងថា ប្រសិនបើរុស្ស៊ីបើកការវាយប្រហារដោយមីស៊ីលដែលមានកម្រិតចំគោលដៅខ្ពស់ទៅលើទីតាំងនៅក្នុងប្រទេសអ៊ុយក្រែន នឹងធ្វើឲ្យការខាតបង់កាន់តែច្រើន ហើយសង្គ្រាមនឹងកាន់តែតានតឹង ឡើង៕

ដោយ៖ ធីរីណា(រូបថត៖ Reuters )


ចែករំលែក៖