ខេត្តរតនគិរី៖ ពីរនាក់ឪពុកកូនបានស្លាប់បាត់បង់ជីវិតភ្លាមៗ ខណៈដែលកំពុងតែជិះម៉ូតូឌុបគ្នាពេលបត់ឆ្វេងពុំបានងាកក្រោយត្រូវរថយន្តស៊េរីទំនើបមួយគ្រឿងបើកបរក្នុងល្បឿនយ៉ាងលឿន បុកពីក្រោយយ៉ាងពេញទំហឹងតែម្តង។
ហេតុការណ៍រថយន្តបើកបរក្នុងល្បឿនយ៉ាងលឿនបុកម៉ូតូពីក្រោយបណ្តាលឱ្យឪពុកនិងកូនផ្លោងជាច្រើនម៉ែត្រស្លាប់ភ្លាមនោះបានកើតឡើងនៅវេលាម៉ោង១៖១០នាទីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៧៨ នៅត្រង់ចំណុចបង្គោលគីឡូលេខ៧៣-៧៤ ស្ថិតនៅក្នុងភូមិ៣ ឃុំស្រែអង្រ្គង ស្រុកកូនមុំ ខេត្តរតនគិរី។
លោកវរសេនីយ៍ត្រី រស់ វណ្ណា មេបញ្ជាការអាវុធហត្ថស្រុកកូនមុំ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺ រថយន្តបុកម៉ូតូពីក្រោយក្នុងទិសដៅស្របគ្នាពីលិចទៅកើតបណ្តាលឱ្យឪពុកនិងកូនតូចស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។
រថយន្តបង្កហេតុមួយគ្រឿងនោះម៉ាកFord ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខកម្ពុជា PNR-8696 បើកបរក្នុងទិសដៅពីភ្នំពេញ មកខេត្តរតនគិរី។
បន្ទាប់ពីកើតហេតុអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ភ្លាមដែរបន្សល់ទុកតែរថយន្តនៅទីនោះ។
ជនរងគ្រោះឪពុកឈ្មោះ ហុីង សុីវ៉ូន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិ២ ឃុំស្រែអង្រ្គង ស្រុកកូនមុំ ខេត្តរតនគិរី។
រួមដំណើរកូនតូចឈ្មោះ សុីវ៉ូន លីម៉ា ភេទប្រុស អាយុ៥ឆ្នាំ ជនជាតិខ្មែរ។
ខណៈនោះអ្នកបើកបរម៉ូតូខ្វះការប្រុងប្រយ័ត្នជាមុនពេលបត់ឆ្លងផ្លូវជាតិមិនបានងាកមើលក្រោយហើយក៏មិនបានបើកភ្លើងសញ្ញាបត់ផងដែរនោះទើបបណ្តាលឱ្យអ្នកបើកបររថយន្តបន្ថយល្បឿនគេចមិនទាន់ក៏បុកតែម្តង។
ក្រោយពេលកេីតហេតុកម្លាំងអាវុធហត្ថនិងកម្លាំងនគរបាលចរាចរណ៍ស្រុកកូនមុំក៏បានចុះមកអន្តរាគមន៍ធ្វេីការវាស់វែង រួចបានធ្វើកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី។
ចំណែកមធ្យោបាយទាំងពីរគ្រឿងត្រូវសមត្ថកិច្ចរឹបអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកូនមុំ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ ៖ ជីវ័ន្ត