ព័ត៌មានទាន់ហេតុការណ៍៖

ដេប៉ូប្រេងឥន្ធនៈចំនួន៣ទីតាំង ត្រូវបានមន្ត្រី ក.ប.ប. បន្តអនុវត្តវិធានការ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងនៅរសៀលថ្ងៃ​អង្គារ​ទី​១៦ ខែសីហា​ ឆ្នាំ​២០២២នេះថា​៖​ យោងតាមបញ្ញត្តិច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្នុងការស៊ើបអង្កេតនិងបង្រ្កាបបទល្មើសនានា ដើម្បីការពារដល់ផលប្រយោជន៍របស់អ្នកប្រើប្រាស់ មន្ត្រី សាខា ក.ប.ប. ខេត្តកំពត ពោធិ៍សាត់ សៀមរាប និងខេត្តកំពង់ធំ កាលពីថ្ងៃទី១៣ និងទី១៥ ខែសីហា ឆ្នាំ២០២២​ បានបន្តត្រួតពិនិត្យអនុលោមភាពលើស្ថានីយ ដេប៉ូប្រេងឥន្ធនៈ ក្នុងភូមិសាស្ត្រសំខាន់ៗនៃខេត្ត សរុបបានចំនួន ២១ទីតាំង។ 

ជាក់ស្ដែង​ ដោយក្នុងនោះបានអនុវត្តនីតិវិធីពិន័យអន្តរការណ៍ស្របតាមច្បាប់ លើដេប៉ូប្រេងឥន្ធនៈចំនួន៣ទីតាំង ដែលត្រូវបានរកឃើញថាមិនមានភាពអនុលោម ពោលគឺការព្យាយាមកេងប្រវ័ញ្ចពីអ្នកប្រើប្រាស់។

ប្រភពដដែលបន្តថា​ មន្រ្តី​សាខា ក.ប.ប. ខេត្តតាកែវ ខេត្តកោះកុង និងខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែសីហាម្សិលមិញនេះ​ បានបញ្ជាកម្លាំង បន្តចុះស្រាវជ្រាវស្វែងរកផលិតផលទំនិញដែលមានសារធាតុគីមីហាមឃាត់ និងទំនិញពុំមានអនុលោមភាព រួមមានខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ខុសនឹងបទដ្ឋានព័ត៌មានជាដើម ក្នុងគោលដៅការពារដល់សុខភាពប្រជាពលរដ្ឋ។ 

ក្នុងប្រតិបត្តិការនោះ​ តាមលទ្ធផលត្រួតពិនិត្យតាមបណ្តាទីផ្សារ ផ្សារទំនើប ទីប្រជុំជនសំខាន់ៗ មន្ត្រីយើងបានរកឃើញ ក៏ដូចជាដកហូតទំនិញចម្រុះមិនមានអនុលោមភាពសរុបចំនួន ២៥៣.៥៨គ.ក រួចយកមករក្សាទុកដើម្បីបន្តនីតិវិធី៕

ដោយ​៖សហការី​


ចែករំលែក៖