ភ្នំពេញ ៖ បុរសម្នាក់ជាមេជាងសំណង់បានដាក់ជណ្ដើរឡើងផ្សារដែករបងផ្ទះ ស្រាប់តែឆ្លងចរន្តភ្លើង ឆក់ធ្លាក់មកក្រោមរងរបួសធ្ងន់ និងត្រូវបានបងប្អូនប្រជាពលរដ្ឋដឹកតាមឡំប្រឺតាយកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែអកុសលក៏បានស្លាប់ កាលពីវេលាម៉ោង៥ និង៤៥នាទីល្ងាច ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅចំនុចផ្ទះអត់លេខ តាមបណ្ដោយផ្លូវបេតុង ក្រោយផ្សារស្ទឹងមានជ័យចាស់ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះ មានឈ្មោះ សឿន ហួន អាយុ ៤២ឆ្នាំ មុខរបរ ជាងសំណង់ ស្នាក់នៅ បន្ទប់ជួលក្បែរកន្លែងកើតហេតុ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ មានស្រុកកំណើត ខេត្តព្រៃវែង ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ ជនរងគ្រោះជាមេជាង រួមនិងប្រពន្ធបាននៅបង្ហេីយការងារ ដោយបុរសប្តីបានដាក់ជណ្ដើរឡើងផ្សាររបងផ្ទះ ខណៈដែលឡើងទៅ ក៏ស្រាប់តែជនរងគ្រោះមិនដឹងថាប៉ះជាមួយនិងខ្សែភ្លើងដែលដាច់រលាត់ត្រង់ណានោះទេ បានធ្វើឲ្យជនរងគ្រោះឆក់ និងត្រូវបានស្ត្រីជាប្រពន្ធ ជួយទាញទម្លាក់មកក្រោម ។ ពេលនោះក៏មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ នាំគ្នាជួយធ្វើចលនាសង្គ្រោះបឋម តែជនរងគ្រោះនៅតែមិនដឹងខ្លួន ក៏បាននាំគ្នាលើកដាក់តាមឡំប្រឺតា យកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី តែទៅដល់មន្ទីរពេទ្យ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
គួរបញ្ចាក់ថា ខណៈក្រុមអ្នកសារព័ត៌មានចុះទៅដល់ចំណុចទីតាំងកេីតហេតុ ក៏មានការលាក់លៀម ក្នុងករណីឆក់ខ្សែភ្លើងបណ្ដាលឲ្យស្លាប់មនុស្ស ហើយក៏មិនឃើញមានកម្លាំងសមត្ថកិច្ចពាក់ព័ន្ធណាមួយ ចុះទៅពិនិត្យកន្លែងកើតហេតុ ឬធ្វើកោសល្យវិច័យអ្វីនោះដែរ ។ ដោយឡែកសពជនរងគ្រោះ ត្រូវបានសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕
ដោយ ៖ ភារ៉ា ដង្កោ