ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តព្រះវិហារ ជំរុញអភិបាលក្រុង ស្រុកទប់ស្កាត់ការកាប់រានទន្រ្ទានយកដីដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជារិ និងគម្របព្រៃឈើក្នុងភូមិសាស្រ្តខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ ដើម្បីជំរុញក្នុងការទប់ស្កាត់ការកាប់រានទន្ទ្រានយកដីដោយខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងការកាត់ឆ្កៀលដីផ្ដល់កម្មសិទ្ធិជូនប្រជាពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យ ផលជាក់ស្ដែងយូរឆ្នាំ មកហើយលើទីតាំងដីដែលស្ថិតក្នុងផែនទីតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើ ប្រកបដោយ តម្លាភាព ប្រសិទ្ធភាព និងឲ្យទទួលបានលទ្ធផលល្អប្រសើរ រដ្ឋបាលខេត្តព្រះវិហារ សូមធ្វើការណែនាំដល់លោក អភិបាលក្រុង ស្រុក ដូចខាងក្រោម ៖

ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងនូវទិន្នន័យ និងស្ថិតិប្រជាពលរដ្ឋ និងដីធ្លីដែលប្រជាពលរដ្ឋ កំពុងកាន់កាប់ និងអាស្រ័យផលជាក់ស្ដែងយូរឆ្នាំមកហើយនៅលើទីតាំងដីដែលស្ថិតនៅក្នុងផែនទី តំបន់ការពារធម្មជាតិ និងគម្របព្រៃឈើនៅតាមក្រុង ស្រុកគោលដៅដើម្បីធ្វើការកាត់ឆ្កៀលដី និងផ្ដល់កម្មសិទ្ធិជូនពួកគាត់ ព្រមទាំងត្រៀមរៀបចំបម្រុងដី១០%សម្រាប់ការប្រើប្រាស់រួមរបស់ សហគមន៍

– ត្រូវបង្កើនការតាមដាន និងគ្រប់គ្រងសភាពការណ៍វិវត្តន៍ពាក់ព័ន្ធនឹងការកាន់កាប់ដីធ្លីរបស់ប្រជា ពលរដ្ឋនៅតាមតំបន់ការពារធម្មជាតិ និងគម្របព្រៃដើម្បីបង្ការទប់ស្កាត់កុំឲ្យមាននិន្នាការរុករាន ទន្ទ្រានកាន់កាប់ដីព្រៃ ឬដីរដ្ឋខុសច្បាប់បន្ថែមទៀត ។ រាល់ការរុករានទន្ទ្រានកាន់កាប់ថ្មីនូវដីព្រៃ ឬដីរដ្ឋដោយខុសច្បាប់ ត្រូវហាមឃាត់ដាច់ខាត និងត្រូវប្រើប្រាស់វិធានការរដ្ឋបាល និងវិធានការ ច្បាប់ឲ្យតឹងរឹង និងម៉ឹងម៉ាត់ដើម្បីទប់ស្កាត់

-ត្រូវខិតខំអប់រំណែនាំ និងបកស្រាយបំភ្លឺអំពីស្ថានភាពនៃការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ និងឆន្ទៈ របស់រាជរដ្ឋាភិបាលក្នុងការប្រឹងប្រែងដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋដើម្បីឲ្យពួកគាត់ចូលរួម ជាមួយអាជ្ញាធរពាក់ព័ន្ធដោយមិនត្រូវជឿតាមការញុះញង់អូសទាញរបស់មេខ្យល់ ឬជនខិលខូច មួយចំនួនដែលឆ្លៀតឳកាសកេងយកផលប្រយោជន៍ ឬកេងចំណេញពីបញ្ហាដីធ្លីនេះ ។ ករណីនេះ ត្រូវមានវិធានការទប់ស្កាត់ និងបង្ក្រាបមេខ្យល់ និងជនខិលខូចទាំងនេះស្របតាមច្បាប់ជាធរមាន

ចំពោះទីតាំងដីធ្លីដែលមានទំនាស់ត្រូវខិតខំសម្រុះសម្រួលដោះស្រាយដោយសន្តិវិធី តម្លាភាព សុចរិតភាព និងយុត្តិធម៌ ដោយត្រូវចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋដើម្បីស្រាវជ្រាវ ស្វែងយល់ឲ្យ បានច្បាស់លាស់អំពីសាវតាដីទំនាស់ សាវតាប្រជាពលរដ្ឋ និងការទាមទារតវ៉ារបស់ប្រជាពលរដ្ឋ ដើម្បីធ្វើជាមូលដ្ឋានបង្អែកសម្រាប់ទាញហេតុផលក្នុងការសម្រុះសម្រួល និងដោះស្រាយទំនាស់ ដីធ្លីជូនប្រជាពលរដ្ឋ។ 

– អាជ្ញាធរក្រុង ស្រុក ត្រូវណែនាំដល់ឃុំ សង្កាត់ មិនត្រូវធ្វើការបញ្ជាក់ ឬចុះហត្ថលេខាលើលិខិត ស្នាម ឬឯកសារនានាពាក់ព័ន្ធនឹងដីធ្លីដែលមិនត្រឹមត្រូវតាមច្បាប់ បែបបទ នីតិវិធី និងគោលការណ៍ ណែនាំជាធរមាន ។ ទន្ទឹមនេះ ត្រូវចាត់វិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ចំពោះបុគ្គលជាមន្ត្រីមាន សមត្ថកិច្ច ដែលបញ្ជាក់ ឬចុះហត្ថលេខាលើលិខិតស្នាម ឬឯកសារមិនស្របច្បាប់នានាពាក់ព័ន្ធ នឹងដីធ្លី

– អាជ្ញាធរក្រុង ស្រុក ត្រូវណែនាំដល់ឃុំ សង្កាត់ ឲ្យខិតខំអប់រំប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារ បរិស្ថាន ធនធានធម្មជាតិ ការពារដីធ្លីសាធរណៈ ដីសហគមន៍ និងចូលរួមអនុវត្តច្បាប់ ដើម្បីរួម សាធារណៈ ដីសហគមន៍ និងដីឯកជនតាមគ្រប់រូបភាព ។

រួមគ្នាទប់ស្កាត់ការចូលទន្ទ្រានកាន់កាប់ដីព្រៃ ការរានព្រៃដើម្បីយកដីការចូលទន្ទ្រានកាន់កាប់ដី។ 

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកអភិបាល ជ្រាប និងចាត់ចែងអនុវត្តតាមខ្លឹមសារខាងលើឲ្យមានប្រសិទ្ធភាពខ្ពស់ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖