ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ អមដំណើរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងអន្តរាគមន៍តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ចុះជួយប្រមូលផលស្រូវទុំ ជូនប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ លោក ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការរងបន្ទាយមានជ័យ អមដំណើរ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងច្រូតស្រូវជូនប្រជាពលរដ្ឋ ដែលទទួលការលិចលង់ និងជួយប្រមូលផល ឈ្មោះ ប៉ា ភារម្យ អាយុ ៤៥ឆ្នាំ ដែលរស់នៅស្ថិតក្នុងភូមិអ្នកតា សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

សមាសភាពរួមមាន កម្លាំងអន្តរាគមន៍តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំដោយ លោក វរសេនីយ៍ឯក មាស ប៊ុនរុន មេបញ្ជាការរង នាយសេនាធិការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ សហការជាមួយកងរាជអាវុធហត្ថក្រុង អធិការនគរបាលក្រុង និងអាជ្ញាធរមូលដ្ឋានក្រុងសិរីសោភ័ណគ្រប់លំដាប់ថ្នាក់។

ការចុះជួយប្រមូលផលស្រូវ ប្រជាពលរដ្ឋពេលនោះសម្រេចបានលទ្ធផលចំនួន ១,៥ហិកតា។ លោក ប៉ា ភារម្យ ដែលជាម្ចាស់ស្រែ បានថ្លែងអំណរគុណ ដល់ឯកឧត្តមអភិបាលខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹក លោកអភិបាលក្រុងសិរីសោភ័ណ និងកម្លាំងទាំងអស់ ដែលបានចុះជួយប្រមូលផលជូនគាត់ បានទាន់ពេលវេលា ដោយលោកមានប្រសាសន៍ថា កន្លងមក ក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត និងថ្នាក់ដឹកនាំទាំងអស់ក្នុងខេត្ត តែងតែឃើញមាន វត្តមានឯកឧត្តម អស់លោក កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការចុះជួយប្រជាពលរដ្ឋ បានទាន់ពេល និងរាល់យថាហេតុនានា ដែលបង្កឡើងដោយគ្រោះធម្មជាតិ អគ្គីភ័យ ដែលជាសកម្មភាពគួរអោយគោរព និងកោតសរសើរ របស់ប្រជាពលរដ្ឋគ្រប់ៗរូប។

ជាចុងក្រោយ លោក អភិបាលនៃគណៈអភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរដល់កងកម្លាំងទាំងបី ដែលសហការគ្នាបានយ៉ាងល្អប្រសើរ ក្នុងការជួយប្រជាពលរដ្ឋបានទាន់វេលា ៕

ដោយ ៖ សហការី


ចែករំលែក៖