ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្តី្រ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកទេសរដ្ឋមន្តី្រ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេច ៖
ប្រការ១-ប្រកាសអន្តរក្រសួងនេះ មានគោលបំណងទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយ អំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលបណ្ដាលមកពីអ្នកបើកបរយានយន្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ប្រការ២…ប្រកាសអន្តរក្រសួងនេះ មានគោលដៅ ដូចតទៅ៖
– កំណត់ចំនួនពិន្ទុដែលត្រូវកាត់បន្ថយនៅពេលប្រព្រឹត្តបទល្មើសចរាចរណ៍ផ្លូវគោក
– កំណត់នីតិវិធីនៃការកាត់បន្ថយ ការបន្ថែម និងការបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ។
ប្រការ៣…ប្រកាសអន្តរក្រសួងនេះ មានវិសាលភាពអនុវត្តចំពោះអ្នកបើកបរយានយន្តដែលមានបណ្ណបើកបរ ចេញ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ប្រការ៤…គ្រប់បណ្ណបើកបរត្រូវមានពិន្ទុសរុបចំនួន ១២(ដប់ពីរ)ពិន្ទុ ហើយចំនួនពិន្ទុនេះត្រូវកាត់បន្ថយនៅពេល អ្នកបើកបរបានប្រព្រឹត្តបទល្មើសចរាចរណ៍ផ្លូវគោក ដូចខាងក្រោម៖
ក. ត្រូវកាត់បន្ថយ ១(មួយ)ពិន្ទុ ក្នុងករណី៖
– មិនពាក់ខ្សែក្រវាត់ ឬមួកសុវត្ថិភាព
– ប្រើភ្លើងហ្វានៅពេលជួបនឹងយានមកពីទិសផ្ទុយ
– បើកបរជាន់តាមខ្សែគំនូសបង្ហូតកណ្តាលទ្រូងផ្លូវ
– បើកបរលើសល្បឿនកំណត់ចាប់ពី ១(មួយ) ទៅ ១៩(ដប់ប្រាំបួន) គីឡូម៉ែត្រក្នុងមួយម៉ោង
– បើកបរនៅពេលយប់ដោយគ្មានភ្លើងគ្រប់គ្រាន់តាមប្រភេទយានយន្ត
– ផ្ទុកមនុស្សលើសកំណត់។
ខ. ត្រូវកាត់បន្ថយ ២(ពីរ)ពិន្ទុ ក្នុងករណី៖
– បើកបរលើសល្បឿនចាប់ពី ២០(ម្ភៃ) ទៅ ២៩(ម្ភៃប្រាំបួន)គីឡូម៉ែត្រក្នុងមួយម៉ោង
– បើកបរបង្កើនល្បឿននៅពេលគេកំពុងជែងខ្លួន
– បត់ឆ្វេង ឬបត់ស្តាំ មិនបានត្រឹមត្រូវ
– បត់ត្រឡប់ក្រោយនៅកន្លែងហាមឃាត់
– មិនគោរពលក្ខខណ្ឌនៃបណ្ណបើកបរ
– បត់ឆ្វេង បត់ស្តាំ ឬឈប់មិនបានឱ្យសញ្ញាជាដំណឹង
– ជែង ឬចៀសមិនបានត្រឹមត្រូវ
– បើកបរដោយគ្មានទុកចន្លោះសុវត្ថិភាពគ្រប់គ្រាន់ដែលបង្កឱ្យមានគ្រោះថ្នាក់ – បើកបរដោយធ្វេសប្រហែស ធ្វើឱ្យរំខានដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀត។
– សូមអាននូវប្រកាសអន្តរក្រសួងស្តីពីនីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ ទាំងស្រុងដូចខាងក្រោម ៕
ដោយ ៖ សុខ ខេមរា