ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូឌុបគ្នាចុះពីលើស្ពានអាកាសស្ទឹងមានជ័យយ៉ាងលឿន ជ្រុលបុកខឿនផ្លូវដួលបោកក្បាលស្លាប់ម្នាក់ របួសស្រាលម្នាក់

ចែករំលែក៖

      ភ្នំពេញ ៖ បុរសម្នាក់បានបោកក្បាលស្លាប់ពេលបញ្ជូនជិតដល់មន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីបើកម៉ូតូឌុបគ្នាចុះពីលើស្ពានអាកាសស្ទឹងមានជ័យ យ៉ាងលឿនជ្រុលទៅបុកខឿនផ្លូវអូសជាច្រើនម៉ែត្រ កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នៅចំហៀងក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

    សពជនរងគ្រោះមានឈ្មោះ ធូ រ៉ូត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ និស្សិត ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ដោយជិះម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1AD-8517 ។

     តាមសាក្សីអ្នកឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះពីរនាក់បើកម៉ូតូមួយគ្រឿងឌុបគ្នាចុះពីលើស្ពានអាកាសស្ទឹងមានជ័យ ទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុផ្លូវកោងផងនោះ ក៏ជ្រុលបុកខឿនផ្លូវដួលទាំងកំរោល បណ្ដាលឲ្យយុវជនម្នាក់ជាអ្នកឌុបរងរបួសស្រាល រីឯអ្នកអង្គុយខាងក្រោយបោកក្បាលនិងបង្គោលភ្លើងរបួសយ៉ាងធ្ងន់ធ្ងរ និងស្លាប់ពេលរថយន្តសង្គ្រោះដឹកជិតដល់មន្ទីរពេទ្យ ។

        ក្រោយពីទទួលបានដំណឹងនេះភ្លាម សាច់ញាតិបងប្អូនជនរងគ្រោះបានចុះមកដល់កន្លែងកើតហេតុ ដោយបានទ្រហោយំបោកខ្លួនស្ដាយស្រណោះជនរងគ្រោះខ្លាំងមែនទែន និងបានសម្រេចឲ្យខាងរថយន្តសាមុយដឹកសពជនរងគ្រោះយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ក្រោយមកសមត្ថកិច្ចមូលដ្ឋានក៏ចុះមកដល់ ដោយយកម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំប្រគល់ឲ្យក្រុមគ្រួសារនាពេលក្រោយ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖