ភ្នំពេញ៖ ប៉ុន្មានសប្តាហ៍មុននេះ កញ្ញាឯកផែនដីកម្ពុជា ២០២១ កញ្ញា ដាំ សុភ័ក្រ្តសិរីមុន្នី ស្រាប់តែបង្ហាញមុខក្នុងតំណែងជាពិធីការិនីក្នុងកម្មវិធីកម្សាន្តថ្មីចុងសប្តាហ៍របស់ទូរទស្សន៍ CTNគឺកម្មវិធី Saturday Night Live ។ក្រោយពីបង្ហាញមុខក្នុងរយៈពេល២សប្តាហ៍ស្រាប់តែថ្ងៃសៅរ៍សប្តាហ៍មុននេះគេខកខានក្នុងការឃើញវត្តមានកញ្ញាឯករូបនេះឡើងបង្ហាញមុខក្នុងការងារជាពិធីករ និងជំនួសវិញដោយតារាបង្ហាញម៉ូតកញ្ញា ច័ន្ទ គង្កាទៅវិញ រហូតអ្នកគាំទ្រឡើងឡើងជាចម្ងល់ អំពីការបាត់វត្តមាននាងក្នុងកម្មវិធីខាងលើនេះ។
កញ្ញាដាំ សុភ័ក្រ្តសិរីមុន្នី គឺជាអតីតម្ចាស់ជ័យលាភីចំណាត់ថ្នាក់លេខ២ផ្នែកបង្ហាញម៉ូតក្នុងកម្មវិធីប្រកួតសមត្ថភាពសិល្បៈពេជ្រ កំពុងច្នៃរបស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍នាអំឡុងឆ្នាំ២០១៣។ ក្រោយទទួលបានចំណាត់ថ្នាក់នេះដែរ នាងទទួលបានឱកាសការងារសិល្បៈជាច្រើនបន្តបន្ទាប់ ទាំងការងារជាពិធីការិនីរបស់ស្ថានីយទូរទស្សន៍ មួយ ជាតារាសម្តែង នឹងការងារឯករាជខាងក្រៅថែមទៀតផង។ នាងក៏ជាអតីតសមាជិកនៃក្រុមបង្ហាញម៉ូតCambodia Super Model របស់កញ្ញា ដួង ហ្សូរីដា ផងដែរ ។ដាំ សុភ័ក្រ្តស៊ីនឌី ហៅ មុន្នី មានវ័យ ២៦ឆ្នាំ ។ នាងមានទឹកដីកំណើតនៅខេត្តពោធិ៍សាត់ នាងមានកម្ពស់១.៦៧ម៉ែត្រទម្ងន់៥៣គីឡូក្រាម ហើយនាងអាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អ។ នាងបានបញ្ចប់ការសិក្សាលើថ្នាក់បរិញ្ញាបត្រលើជំនាញសេដ្ឋកិច្ច នៅសាកលវិទ្យាលភូមិន្ទនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ចុងក្រោយនាង បានក្លាយជាម្ចាស់មកុដMiss Earth Cambodia 2021-2022ក្រោយពីនាងចូលរួមប្រកួតក្នុងកម្មវិធីMiss Cambodia 2021។
កន្លងទៅនេះទស្សនិកជនបានសរសើរពី កញ្ញា ដាំ សុភ័ក្រ្តសិរីមុន្នី ថាមិនត្រឹមមានតែរូបសម្រស់ស្រស់សោភាទេ សូម្បីតែសមត្ថភាព ទេពកោសល្យក្នុងការងារជាពិធីការនីក៏នាងធ្វើបានល្អ ក្រោយពីឆ្លងកាត់បទពិសោធន៍ជាច្រើនបន្តបន្ទាប់។ ក្នុងកម្មវិធីប្រគំតន្ត្រីផ្សាយផ្ទាល់រាត្រីថ្ងៃសៅរ៍ នេះនាងបានចាប់ដៃគូជាពិធីករស្រស់សង្ហា លោក VJ Dada។
ខណៈដែល២សប្តាហ៍ សុខៗស្រាប់តែបាត់មុខនាងទៅវិញ។
ទោះជាយ៉ាងណាគេនៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាសម្តែង និងពិធីការិនីរូបនេះបាននៅឡើយទេជុំវិញការបាត់មុខនាង ។ ទោះជាយ៉ាងណាថ្មីៗកន្លងទៅនេះមានសិល្បករ ពិសេសតារាកំប្លែង និងអ្នកផលិតកម្មវិធីជាច្រើនបានសម្រេចចិត្តឈានជើងដើរចេញពីទូរទស្សន៍ខាងលើជាបន្តបន្ទាប់ក្រោមហេតុផលមិនពេញចិត្តទៅនឹងគោលការណ៍ការងារថ្មីដែលត្រូវបានកំណត់ដោយអ្នកគ្រប់គ្រងកម្មវិធីជនជាតិបរទេសម្នាក់។ ទោះជាយ៉ាងណា ទស្សនិកជន និងអ្នកគាំទ្ររំពឹងថា នាងនឹងអាចលេចវត្តមានជាថ្មីក្នុងការងារជាតារាសម្តែង បង្ហាញម៉ូត និងពិធីការិនីក្នុងកម្មវិធីណាមួយថ្មីទៀតជាក់ជាមិនខាន៕
ដោយ៖ វឌ្ឍនា