ព័ត៌មានទាន់ហេតុការណ៍៖

សិក្ខាកាមវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ជំនាន់ទី៤ និងវគ្គហ្វឹកហ្វឺនបំប៉នជំនាញព័ត៌មានវិទ្យាឆ្នាំ២០២២ ចំនួន ១១៦នាក់ បានបញ្ចប់វគ្គដោយជោគជ័យ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ វគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ជំនាន់ទី៤  និងវគ្គហ្វឹកហ្វឺនបំប៉នជំនាញព័ត៌មានវិទ្យាឆ្នាំ២០២២ ចំនួន ១១៦នាក់ នៅទីបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក ស្ថិតនៅ ក្តាន់រយ  ខេត្តកំពង់ស្ពឺ បានប្រារព្ធពិធីបិទតាមការគ្រោងទុក នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ ស្ថិតក្រោមអធិបតីភាព លោកឧត្តមសេនីយ៏ឯក ប៉ុល ស៊ីនួន មេបញ្ជាការរងកងទ័ពជើងគោក ។

នៅក្នុងសន្ទរកថាស្វាគមន៏របស់ ឧត្តមសេនីយ៏ទោ ឈរ សុខ នាយសេនាធិការរង និងជាមេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានឲ្យដឹងថា ពាក់ព័ន្ធភារកិច្ចចំពោះមុខ កងពលតូចដឹកជញ្ជូនលេខ៩០ បានសម្រេចនូវភារកិច្ចជាច្រើន ទាំងកិច្ចការងារស្នូល ក៏ដូចជាការងារកសាងហេដ្ឋារចនាសម្ព័ន្ធនានា  ការងារបណ្តុះបណ្តាលធនធានមនុស្ស និងភារកិច្ចចំពោះមុខ ក៏ដូចជាភារកិច្ចក្នុងភូមិសាស្ត្រដែលកងពលទទួលខុសត្រូវបានរឹងមាំស្របតាមបទបញ្ជាដែលថ្នាក់លើប្រគល់ជូន ដោយឈរលើស្មារតី យកចិត្តទុកដាក់ ដោយបានការជួយឧបត្ថម្ភទាំងស្មារតី និងសម្ភារៈផ្សេងៗ ពីសំណាក់បញ្ជាការដ្ឋានកងទ័ពជើងគោក ឲ្យបានដំណើរការលើការងារ កសាង ការដឹកជញ្ជូន ការជុសជុល ថែទាំ បច្ចេកទេស លើរថយន្តគ្រប់ប្រភេទ តាមទិសដៅ នៃផែនការដែលបានកំណត់ ។

របាយការណ៏បិទវគ្គដែលផ្តល់ដោយឧត្តមសេនីយ៏ត្រី  កែប  ច័ន្ទតូ  មេបញ្ជាការរងកងពលតូចដឹកជញ្ជូនលេខ៩០ ទទួលបន្ទុកការងារហ្វឹកហ្វឺន បាឲ្យដឹងថា វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់ជំនាន់ទី៤ មានសិក្ខាកាមសរុបចំនួន ៩៧នាក់ គ្រូយោធចារ្យ ១៥នាក់ បម្រើចំនួន ១០នាក់ ។សិក្ខាកាមកពីសាលាពលទាហានសកម្ម និងបណ្តាអង្គភាពចំណុះកងទ័ពជើងគោក ដោយប្រើប្រាស់រថយន្តចំនួន ១០គ្រឿង រយៈពេលសិក្សាចំនួន ៩១ថ្ងៃ សិក្សាខ្លឹមសារមេរៀនរួមមាន ច្បាប់ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក , ដៃចង្កូត បច្ចេកទេស , អប់រំចិត្តសាស្ត្រ និងយោធារួម ។ ក្រោយបញ្ចប់វគ្គសិក្ខាកាមទទួលបាននិទ្ទេសឆ្នើមចំនួន ០២រូប និទ្ទេសល្អចំនួន ១៧រូប  និទ្ទេសល្អបង្គួរចំនួន ៣២ រូប និទ្ទេសមធ្យមចំនួន ៤៦រូប ។ រីឯវគ្កហ្វឺនបំប៉នជំនាញព៏ត៌មានវិទ្យា មានសិក្ខាកាមសរុបចំនួន១៩នាក់ គ្រូយោធាចារ្យ ០៤នាក់  សិក្សារយះពេល៩១ថ្ងៃ ។ ក្រោយបញ្ចប់វគ្គ កម្មសិក្សាការីបានប្រឡងជាប់១០០% ក្នុងនោះមានសិក្ខាកាមទទួលបាននិទ្ទេសឆ្នើមចំនួន ០៣រូប ផងដែរ ។ 

  លោក ប៉ុល ស៊ីនួន បានលើកឡើងពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលជាកត្តចាំបាច់ដើម្បីចូលរួមចំណែកបំពេញភារកិច្ចជូនប្រទេសជាតិ និង ប្រជាជន និងបានថ្លែងកោតសរសើរដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន គណៈគ្រប់គ្រងវគ្គ គ្រូយោធាចារ្យ  ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ បានសហការជាធ្លុងមួយធ្វើឲ្យវគ្គនេះ បានបញ្ចប់ប្រកបដោយជោគជ័យ និងលទកធផលផ្លែផ្កាតាមការំពឹងទុក ។ លោក ប៉ុល ស៊ីនួន ក៏បានបញ្ជាក់បន្ថែមទៀតថា៖ ក្នុងនាមយើងជាអ្នកបើកបរ ត្រូវគិតគូរពីសុវត្ថិភាពអ្នកដទៃក៏ដូចជាសុវត្តិភាព ផ្ទាល់ខ្លួនយើងផងដែរ ។ លោក ប៉ុល ស៊ីនួន បានអំពាវនាវដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់លើការងារថែទាំសំភារៈ បច្ចេកទេសនៅតាមអង្គភាពនីមួយៗ ដើម្បីប្រប្រាស់នូវគ្រឿងបំពាក់ និង រថយន្តគ្រប់ប្រភេទអោយបានយូរអង្វែង។ 

លោក បានជំរុញ ដល់សិក្ខាកាមទាំងអស់ ត្រូវចូលរួម ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយ សម្តេចតេជោហ៊ុនសែន និង ការពារសុខសន្តិភាពដែលមាននៅក្នុងពេលបច្ចុប្បន្ននេះ  អោយបានគង់វង្សទៅថ្ងៃអនាគត និងបានផ្តាំផ្ញើដល់សិក្ខាកាម យោធាចារ្យ នាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចដឹកជញ្ជូនលេខ៩០ទាំងអស់ ត្រូវគោរពនូវច្បាប់ លក្ខន្តិកៈកងយោធពើខេមរភូមិន្ទ និងចូលរួមអនុវត្តអោយបាន នូវរាល់បទបញ្ជា សេចក្ដីសម្រេច សេចក្តីណែនាំទាំងឡាយ របស់ក្រសួងការពារជាតិ អគ្គបញ្ជាការ និង មេបញ្ជាការកងទ័ពជើងគោក បានដាក់ចុះ 

ដោយ ៖ សហការី


ចែករំលែក៖