ព័ត៌មានទាន់ហេតុការណ៍៖

ម្នាក់ស្លាប់​ ម្នាក់របួសធ្ងន់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូជនរងគ្រោះនិងរថយន្ត បើកទិសដៅបញ្ច្រាសគ្នា

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ បេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅរសៀលថ្ងៃ​សុក្រ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ អ្នកបើកបរម៉ូតូម្នាក់បានស្លាប់នៅនឹងកន្លែង និងស្ត្រីអ្នករួមដំណើរជាមួយម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូជនរងគ្រោះនិងរថយន្ត ទិសដៅបញ្ច្រាសគ្នា។

សមត្ថកិច្ចជំនាញចរាចរណ៍​ បានឱ្យដឹងថា គ្រោះថ្នាក់នេះបានកើតឡើង នៅព្រឹក​ថ្ងៃទី១៩សីហា២០២២ នៅលើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០២​-២០៣ ស្ថិតក្នុងភូមិអូរតាសេក ឃុំឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ   

ប្រភពដដែល​បានបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងរវាងម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីម​ សេ១២៥ ពណ៌​ខ្មៅ ពាក់ផ្លាកលេខ កំពត 1S​-56​30 ដែលមានទិសដៅពីរាជ​ធា​នីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសី​ហនុ អ្នកបើកបរឈ្មោះ អែម វី ភេទប្រុស អាយុ៣៦ឆ្នាំមុខ​រប​រ​កម្មកររោងចក្រ និងអ្នករួមដំ​ណើរ ឈ្មោះ ប៉ាន់ ឃីម ភេទស្រី អាយុ ៣៥ឆ្នាំមុខរបរកម្ម​កររោងចក្រ អ្នកទាំង០២មានទីលំនៅភូមិបត់គគីរ ឃុំអរឧក​ញ៉ាហេង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។

   លុះមកដល់ចំណុចខាង​លើ បានឡើងវ៉ាជែង ខណះពេល​នោះ​មានរថយន្ដ០១គ្រឿងម៉ា​ក HIGHLANDER ពណ៌មាស ពាក់ផ្លាកលេខ ភ្នំពេញ 2AY-2706 ដែលមានទិស​ដៅផ្ទុយគ្នា អ្នកបើកបរមិន​ទាន់​ស្គាល់អត្តសញ្ញាណ បានបុកចំពីមុខខាងឆ្វេងតែម្ដង ។

     ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលឱ្យមនុស្សស្លាប់នៅនឹងកន្លែងកើត​ហេតុចំនួន០១នាក់ និងរងរបួសចំនួន ០១នាក់៖

១. ឈ្មោះ អែម វី ភេទប្រុស អ្នកបើកបរម៉ូតូ HONDA DREAM (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។

២. ឈ្មោះ ប៉ាន់ ឃីម ភេទស្រី អ្នករួមដំណើរម៉ូតូ HONDA DREAM (រងរបួសជើងខាង​ឆ្វេងធ្ងន់) ។   

បច្ចុប្បន្ន សាកសពត្រូវបានសាច់ញាតិយកទៅធ្វើ​បុណ្យតាមប្រពៃណីនិង ជនរងគ្រោះ​បានយកមកសង្គ្រោះនៅគ្លីនិ​ច​ឯកជន ផេង ហ៊ុល ឃុំអូរ​ឧកញ៉ាហេង រីឯវត្ថុតាង​(រថ​យន្ដនិងម៉ូតូ)បានយកមករក្សាទុកនៅអធិការដ្ឋាននគរ​បាលស្រុកព្រៃនប់ជាបណ្ដោះ​អាសន្ន ។ដោយឡែកអ្នក​បើក​បររថយន្ដHIGHLANDER បានរត់គេចខ្លួនបាត់ក្រោយ​ពេលកើតហេតុ៕

ដោយ​៖សហការី​


ចែករំលែក៖