ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាប័ណ្ណសារព័ត៌មាន របស់ លោក សាន្ត ប៊ុនធឿន

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រេច : 

ប្រការ១: លុបប្រកាសលេខ០៩៨ព.ម.ប្រក ចុះថ្ងៃទី១០ខែមីនា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន ស្តីពីការ អនុញ្ញាតឱ្យលោក សាន្ត ប៊ុនធឿន សញ្ញាតិខ្មែរ កាន់អត្តសញ្ញាណបណ្ណលេខ ១៧១០៤៨៧៥៩ ចុះថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០១៦ អាសយដ្ឋានបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៥៨ ក្រុម១៤ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាម្ចាស់សហគ្រាស សាន្ត ប៊ុនធឿន អេសប៊ីធី ផូស ធ្វើអាជីវកម្មផ្សព្វផ្សាយតាមគេហទំព័រ WWW.sbtpost.com ដោយម្ចាស់អាជ្ញាប័ណ្ណ បានប្រព្រឹត្តិទង្វើអសីលធម៌ ជេរប្រមាថជាសាធារណៈ ធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម និង កិត្តិយស សេចក្ដីថ្លថ្នូររបស់អ្នកសារព័ត៌មានអាជីព ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ សារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។

ប្រការ២: ប្រកាស និងលិខិតទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីប្រកាសនេះ ត្រូវចាត់ទុកជានិរាករណ៍។ ប្រការ៣: អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិង ហិរញ្ញវត្ថុ នាយកខុទ្ទកាល័យក្រសួងព័ត៌មាន មន្ទីរព័ត៌មានរាជធានី ខេត្ត សាមីខ្លួន និងសមត្ថកិច្ច ពាក់ព័ន្ធត្រូវអនុវត្តតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ សូមបញ្ជាក់ថា, នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការថា,  ចរិតពាលរបស់សាន ប៊ុនធឿនប្រាកដជាមិនអាចកែប្រែបានឡើយ។ដើម្បីជួយដល់សាន ប៊ុនធឿននិងប្រពន្ធកូន ខ្ញុំនិងភរិយាបានជួយលុយដើម្បីសាន ប៊ុនធឿនទិញផ្ទះនៅ ថែមទាំងផ្តល់លុយជូនសាន ប៊ុនធឿន៥០០ដុល្លារក្នុងមួយខែតាំងពីឆ្នាំ២០១៨មក។

ខ្ញុំធ្លាប់បានអប់រំសាន ប៊ុនធឿនកុំឱ្យសុីផឹកជេរបញ្ចោរតែចរិតមនុស្សនេះកែមិនឡើងឡើយ។

ដើម្បីជៀសវាងនូវការយល់ច្រឡំណាមួយកើតឡើងថ្ងៃនេះខ្ញុំបានបញ្ជាឱ្យមេបញ្ជាការអង្គរក្សស្នើរសុំបណ្តេញសាន ប៊ុនធឿនចេញពីក្របខ័ណ្ឌកងទ័ព។ ដោយឡែក នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្ដីសម្រេចលុបឈ្មោះ អនុសេនីយ៍ឯក ហ៊ត ប៊ូ ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ និងបានធ្វើលិខិតមួយច្បាប់ទៀត គោរពជូនសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ស្នើលុបឈ្មោះ វរសេនីយ៍ត្រី សាន្ត ប៊ុនធឿន ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ។ 

ការចេញសេចក្តីសម្រេច និងលិខិតស្នើសុំលុបឈ្មោះចេញពីក្របខ័ណ្ឌយោធិនពីររូបនេះ បន្ទាប់ពីមានសំណើរបស់បញ្ជាការដ្ឋានអង្គរក្ស គោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងចំណារឯកភាពរបស់សម្ដេចតេជោ ស្នើទៅរដ្ឋមន្ត្រីក្រសួងការពារជាតិឲ្យបំពេញបែបបទបណ្តេញចេញជាបន្ទាន់ដោយសារពួកគេធ្វើឲ្យប៉ះពាល់ដល់វិន័យនិងកិត្តិយសរបស់កងយោធពលខេមរភូមិន្ទ ធ្ងន់ធ្ងរ៕

ដោយ ៖ សិលា


ចែករំលែក៖