ខេត្តព្រះសីហនុ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងលើកំណាត់ផ្លូវជាតិលេខ៤ដែលអ្នកបើក រថយន្តជាបុរសជនជាតិចិននិងជនរងគ្រោះជាកូនចៅប្រជាពលរដ្ឋនៅក្បែរពីតាំងកើតហេតុ។ ករណីខាងលើនេះប្រជាពលរដ្ឋរង់ចាំមើលថាតើសមត្ថកិច្ចដោះស្រាយយ៉ាងដូចម្ដេច?
មន្ត្រីនគរបាលមូលដ្ឋានស្រុកព្រៃនប់បានឲ្យដឹងថា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២២ នៅវេលាវេលាម៉ោង ១៥និង២០នាទី លើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨១-១៨២ ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះ ថ្នាក់ចរាចរណ៍ មួយកើតឡើង បង្កដោយម៉ូតូ ០១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ក្រហម គ្មានផ្លាកលេខ ដែលមានទិសដៅពីស្រុកកំពង់សិលាឆ្ពោះទៅ ខេត្តព្រះសីហនុ បើកបរដោយឈ្មោះ ទន សី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ប្រភពខាងលើបានបន្តថា លុះមកដល់ចំណុចខាងលើ ជនរងគ្រោះបានប្ដូរទិសដៅ(ឆ្លងផ្លូវពីស្ដាំទៅឆ្វេង) ស្របពេលនោះរថយន្ដ ១គ្រឿងម៉ាក TOYOTA SEINNA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2S-0867 ដែលមានទិសដៅផ្ទុយគ្នា អ្នកបើកបរដោយឈ្មោះ GAO LONGLONG (ជនជាតិចិន) ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅផ្ទះ១៩៣ ផ្លូវបេតុង ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបុកពីមុខតែម្ដង ។
មន្ត្រីនគរបាលខាងលើបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលឲ្យអ្នកបើកបរម៉ូតូម៉ាក HONDA DREAM C125 បានស្លាប់នៅនឹងកន្លែងកើតហេតុ ។
បច្ចុប្បន្ន សាកសពជនរងគ្រោះបានប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ជាបណ្ដោះអាសន្ន ។ ដោយឡែកអ្នកបើកបររថយន្ដម៉ាក TOYOTA SIENNA បានយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕
ដោយ៖ សូរិយា