ភ្នំពេញ ៖ នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ក្រសួងការ បរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា, លោករដ្ឋមន្រ្តីប្រតិភូ អ៊ុច បូររិទ្ធ វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការសហប្រជាជាតិ និងគូសបញ្ជាក់អំពីមោទកភាពរបស់កម្ពុជាដែលបានប្រែក្លាយជាអ្នករួមចំណែកយ៉ាងសំខាន់ដល់ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២២ លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា រដ្ឋលេខាធិការប្រចាំការ បានជួបពិភាក្សាការងារជាមួយ លោក អាប់ឌូឡា សាហ៊ីដ (Abdulla SHAHID) ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) លើកទី៧៦ និងជារដ្ឋមន្តី ការបរទេសនៃសាធារណរដ្ឋម៉ាល់ឌីវ ក្នុងឱកាសដែលលោកកំពុងបំពេញទស្សនកិច្ចការងារនៅ ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ២១-២២ ខែសីហា ឆ្នាំ២០២២។
លោក អាប់ឌូឡា សាហ៊ីដ បានសង្កត់ធ្ងន់ថា ថ្វីត្បិតតែដំណើរទស្សនកិច្ចរបស់ឯកឧត្តមមានរយៈ ពេលខ្លី ប៉ុន្តែទស្សនកិច្ចនេះបានបង្ហាញឱ្យឃើញច្បាស់អំពីការអរគុណរបស់ លោកចំពោះការប្ដេជ្ញ ចិត្តរបស់កម្ពុជាទៅលើពហុភាគីនិយម និងការចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព និងសន្តិសុខ នៅក្នុងតំបន់ និងពិភពលោក។ លោក បានចាប់អារម្មណ៍យ៉ាងខ្លាំងដែលបានឃើញការអភិវឌ្ឍ យ៉ាងឆាប់រហ័សរបស់កម្ពុជានៅលើគ្រប់វិស័យ និងបានកោតសរសើរកម្ពុជាចំពោះភាពជោគជ័យក្នុង ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាការស្ដារសេដ្ឋកិច្ចឡើងវិញយ៉ាងរឹងមាំ ក្រោយវិបត្តិនៃជំងឺរាតត្បាតនេះ។
លោករដ្ឋមន្ត្រីប្រតិភូ អ៊ុច បូរិទ្ធ បានវាយតម្លៃខ្ពស់ចំពោះការលះបង់និងកិច្ចខិតខំប្រឹងប្រែងបំពេញ ភារកិច្ចមិនខ្លាចនឿយហត់របស់ លោក អាប់ឌូឡា សាហ៊ីដ ក្នុងនាមជាប្រធានមហាសន្និបាតអង្គការ សហប្រជាជាតិ ក្នុងឆ្នាំដែលពិភពលោកបានជួបប្រទះនឹងបញ្ហាប្រឈមដ៏គួរឱ្យព្រួយបារម្ភជាច្រើន។ លោករដ្ឋមន្ត្រីប្រតិភូ បានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចពិគ្រោះយោបល់លើរបាយការណ៍ “គោលដៅរួមរបស់យើង» របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងការធានាបានថា អង្គការ សហប្រជាជាតិ នឹងផ្ដោតការយកចិត្តទុកដាក់ជាថ្មីទៅលើអាទិភាពក្នុងការដោះស្រាយតម្រូវការ សកលដ៏បន្ទាន់បំផុតនានា រួមទាំងការពន្លឿនវឌ្ឍនភាពឆ្ពោះទៅរករបៀបវារៈនៃការអភិវឌ្ឍប្រកប ដោយចីរភាព ផងដែរ។
ឯកឧត្តម អ៊ុច បូររិទ្ធ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអង្គការសហ ប្រជាជាតិ និងបានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ និងក្រុមការងារអង្គការសហប្រជាជាតិ ជាពិសេសអង្គការសុខភាពពិភពលោក គណៈកម្មាធិការអន្តរជាតិនៃអង្គការកាកបាទក្រហម និង យូនីសេហ្វ សម្រាប់ការឧបត្ថម្ភគាំទ្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងសម្រាប់ជំនួយរបស់ អង្គការសហប្រជាជាតិដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។ ឯកឧត្តម ក៏បានកោតសរសើរ ចំពោះទំនាក់ទំនងការងារដ៏ល្អរវាងកម្ពុជា និងទីភ្នាក់ងារអង្គការសហប្រជាជាតិទាំង២៦ដែលធ្វើការក្នុង វិស័យសុខាភិបាល សន្តិសុខស្បៀង បរិស្ថាន ការអប់រំ និងវិស័យផ្សេងៗជាច្រើនទៀត។
ខណៈពេលលើកឡើងអំពីការចូលរួមចំណែករបស់កម្ពុជាចំពោះប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិ (UNPKOs) លោករដ្ឋមន្ត្រីប្រតិភូ អ៊ុច បូររិទ្ធ និង លោក អាប់ឌូឡា សាហ៊ីដ បានគូសបញ្ជាក់អំពីមោទកភាពរបស់កម្ពុជា ក្នុងការប្រែក្លាយពីប្រទេសមួយដែលធ្លាប់ទទួលកង កម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិកាលពីទសវត្សរ៍ទី៩០ ទៅជាប្រទេសដែលបាននិង កំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅជុំវិញ ពិភពលោក។ លោក អ៊ុច បូររិទ្ធ បានគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦ មក កម្ពុជាបានបញ្ជូន កងទ័ពចំនួន ៨.៣០២នាក់ ក្នុងនោះមានស្ត្រីចំនួន ៥៨០នាក់ ទៅចូលរួមបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិចំនួន១១លើក នៅក្នុងប្រទេសចំនួន៩។ ឯកឧត្តមប្រធានមហាសន្និបាត អង្គការសហប្រជាជាតិ (អ.ស.ប) លើកទី៧៦ បានសរសើរកម្ពុជាចំពោះការចូលរួមចំណែកក្នុង ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UNPKOs) ដែលគួរតែយកធ្វើជាគំរូ។
ចំពោះកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ លោក អ៊ុច បូររិទ្ធ បានជំរាបជូន លោក អាប់ឌូឡា សាហ៊ីដ អំពីការបញ្ចប់ទៅយ៉ាងជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខ សីហា ឆ្នាំ២០២២។ ភាគីទាំងពីរ បានលើកឡើងអំពីលទ្ធភាព និងការសម្របសម្រួល ក្នុងការរៀបចំ កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១២ ស្របពេលនឹងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ នៅកម្ពុជា។
លោក អ៊ុច បូររិទ្ធ និង ឯកឧត្តម អាប់ឌូឡា សាហ៊ីដ ក៏បានពិភាក្សាគ្នាផងដែរអំពីមធ្យោបាយផ្សេងៗ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ម៉ាល់ឌីវ រួមមានការផ្លាស់ប្តូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំកំពូល ការគិតពិចារណាឱ្យមានកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការរវាងប្រទេសទាំង ពីរ និងការបង្កើតឱ្យមានកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ ដើម្បីស្វែង រកវិស័យប្រកបដោយសក្តានុពលភាពនានាសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី៕
ដោយ ៖ សុខ ខេមរា