ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់ណាស់!! រថយន្តមិនស្គាល់ម៉ាកបុកម៉ូតូហើយកិនអ្នកបើកម៉ូតូស្លាប់នៅលើដងផ្លូវជាតិលេខ២

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់គួរឱ្យអាណោចអាធ័មបន្ទាប់ពីជិះម៉ូតូចុះពីលើស្ពានអាកាសក្បាលថ្នល់ត្រូវបានរថយន្តមិនស្គាល់ម៉ាកបុកកិនចំពាក់កណ្តាលម៉ូតូខ្ទេចមើលលែងយល់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ត្រង់ចំណុចគល់ស្ពានក្បាលថ្នល់ ផ្នែកខាងត្បូងក្នុងសង្កាត់ចាក់អង្រែលើ  ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះអុឹម សុឆៃ ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើតភូមិកងនាង ឃុំព្រះស្ដេច ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1O-1066 ធ្វើដំណើរពីជើងទៅត្បូង និងចុះពីលើស្ពានអាកាសក្បាលថ្នល់ ខណៈបើកមកដល់ចំណុចកើតហេតុខាងលើស្របពេលមេឃកំពុងភ្លៀងផងនោះស្រាប់តែមានរថយន្តធុនធំមួយគ្រឿងមិនចាំស្លាកលេខបើកស្របទិសគ្នាពីក្រោយមកបុកនិងកិនចំពាក់កណ្តាលខ្លួនសាកសពខ្ទេចមើលលែងស្គាល់ ចំណែករថយន្តបង្កក៏បានបន្ថែមល្បឿនបើកគេចបាត់ទៅ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញខណ្ឌមានជ័យបានចុះមកចំណុចកើតហេតុ ហើយបានធ្វើកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ដោយឡែកម៉ូតូជនរងគ្រោះសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យរង់ចាំសមត្ថកិច្ចឆែកកាមេរ៉ាសុវត្តិភាពដើម្បីស្វែងរករថយន្តបង្កឱ្យម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖